(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសុខាភិបាល មិនបានបដិសេធ ដែលអាណាព្យាបាលនាំកូនៗ ទៅស្វែងរកសេវាព្យាបាលនៅក្រៅប្រទេសនោះទេ ប៉ុន្តែលោកគ្រាន់តែជំរុញឱ្យពួកគេ ត្រូវគិតគូរពីកន្លែងជួយសង្គ្រោះកុមារ ស្ថិតនៅក្បែរផ្ទះបំផុតក្នុងករណីកុមារធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Thannarat Samutpet នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានឱ្យដឹងថា ការបញ្ជូនកុមារ និងមនុស្សធំទៅព្យាបាលនៅក្រៅប្រទេសក្នុងករណីធ្ងន់ធ្ងរវាជាសិទ្ធជ្រើសរើស របស់ក្រុមគ្រួសារ និងសាច់ញាតិ ប៉ុន្តែត្រូវគិតទៅដល់ហានីភ័យ នៃការស្វែងរកសេវានៅកន្លែងឆ្ងាយៗ ដែលមានផលលំបាក ក្នុងការធ្វើដំណើរ និងការព្យាបាលត្រូវប្រើរយៈពេលវែង ព្រមទាំងត្រូវចំណាយថវិកាដ៏ច្រើនលើសលុប។
ទស្សនៈវិស័យរបស់អាណាព្យាបាល ដែលបានគិតទុក មុនពេលសម្រេចចិត្តយកកូនរបស់ខ្លួន ទៅព្យាបាលនៅប្រទេសក្រៅ គឺដោយសារតែពួកគេបានគិតទៅដល់បញ្ហាកង្វះខាតគ្រូពេទ្យ ដែលមានសមត្ថភាពនៅក្នុងស្រុក កង្វះអ្នកជំនាញ ខ្វះបច្ចេកទេសនិងឧបករណ៍ទំនើបក្នុងការព្យាបាលអ្នកជំងឺជាដើម។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា «ដូចស្រ្តីពោះធំអញ្ចឹងពិបាកធ្វើដំណើរ អត់មានយន្តហោះជិះទេ ដូច្នេះត្រូវតែធ្វើដំណើរ អញ្ចឹងត្រូវទៅមុនការសម្រាល ហើយករណីកូនក្មេងដែលឈឺធ្ងន់ធ្វើដំណើរ តាមយន្តហោះក៏ពិបាក លុះត្រាតែ យើងប្រើយន្តហោះពេទ្យ ដើម្បីដឹកទៅសង្គ្រោះដោយខ្ទង់ចំណាយខ្ពស់ដែរ អញ្ចឹងឥឡូវនេះមានមន្ទីរពេទ្យមួយចំនួន នៅស្រុកខ្មែរក៏បានរៀបចំឱ្យ មានបទដ្ឋានអន្តរជាតិដែរដូច្នេះជ្រើសដែល ល្អគួរតែទទួយកការព្យាបាលនៅក្នុងប្រទេសជាមួយនឹងមន្ទីរពេទ្យ ដែលមានសមត្ថមភាពស្នើនឹងក្រៅប្រទេនឹនៅជិតផ្ទះថែមទៀត»។
ឆ្លើយតបត្រង់ចំណុនេះ អ្នកជំនាញខាងលើនេះក៏បានលើកឡើងដែរថា៖«បច្ចុប្បន្ននេះ មានមន្ទីរពេទ្យជាច្រើននៅកម្ពុជា ក៏បានរៀបចំបទដ្ឋាននិងការព្យាបាល ដែលមានលក្ខណៈដូចអន្តរជាតិដែរ»។
ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់ ទៅលើការស្វែងរកសេវាព្យាបាលកុមារនៅក្នុងប្រទេសយ៉ាងដូច្នេះ ទើបលោកវេជ្ជបណ្ឌិត Thannarat Samutpet សម្រេចចិត្តបង្កើតឱ្យ មានសាលដ៏ធំមួយ សម្រាប់ថែទាំនិងព្យាបាលកុមារ។ សាលនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពទុកចិត្តទៅដល់ប្រជាពលរដ្ឋខ្មែរ និងកាត់បន្ថយផលលំបាកក្នុងការធ្វើដំណើរទៅក្រៅប្រទេស និងកាត់បន្ថយការចំណាយថវិកាដ៏ច្រើនផងដែរ ក្នុងការបញ្ជូនកូនទៅព្យាបាលនៅក្រៅប្រទេស។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត Thannarat Samutpet ក៏មានបំណងចង់ចូលរួមជួយលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនដែរ តាមរយៈការនាំមកឧបករណ៍ ទំនើបៗពីក្រៅប្រទេស អ្នកបច្ចេកទេស និងអ្នកជំនាញព្យាបាលមនុស្សពីក្រៅប្រទេសផងដែរ៕