(ភ្នំពេញ)៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជូនក្រុមជនសង្ស័យចំនួន៣នាក់ ក្នុងនោះត្រូវបានគេស្គាល់ម្នាក់មានឈ្មោះ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨កន្លងទៅ ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវី អស់ចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យ លោក យិន អ៉ឺម ចៅសង្កាត់សំរោង បួនម៉ឺនដុល្លារអាមេរិក ជាថ្លៃធ្វើឯកសារលក់ដីខាងលើ ហើយនិងចែកបងប្អូនចំពោះខ្លួន គឺ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឈ្មោះ ស ថាវី អ្នកស្រី ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុំ ភក្តី ជាអ្នករៀបចំឡើង។
បច្ចុប្បន្នក្រុមជនសង្ស័យ ដែលត្រូវឃាត់ខ្លួនទាំងបីនាក់មានទាំងមេខ្លោងឈ្មោះ ឡុង ដារ៉ា ផងកំពុងស្ថិតក្នុងចំណាត់ការ បើកការស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕