(ភ្នំពេញ)៖ ក្រោយបញ្ចប់ពិធីអប់រំសុខភាពមាត់ធ្មេញ និងការពិនិត្យមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅក្នុសាលាបឋមសិក្សាភូមិធំ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ រួចមក លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានបន្តធ្វើដំណើរចុះមកសំណេះសំណាលជាមន្ត្រីសង្កាត់មេភូមិ នៅក្នុងសាលាសង្កាត់ពន្សាំង បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះពិនិត្យមើលផ្លូវមួយខ្សែ ជាមួយនឹងការផ្ដល់អំណោយជូនប្រជាពលរដ្ឋនៅក្នុងភូមិស្នួល សង្កាត់ពន្សាំងនេះផងដែរ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពនិងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោកអភិបាលបានបញ្ជាក់ថា មកដល់ខែនេះ គឺជារដូវក្រៅហើយ ប្រជាពលរដ្ឋអាចប្រឈមមុខនឹងជំងឺផ្សេងៗពិសេស ជំងឺអាសនុ្នរោគ ដូច្នេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវតែពិនិត្យមើលរឿងនេះឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋអាចទប់ស្កាត់នូវជំងឺអាសន្តរោគនេះ។
ក្នុងដំណើរ នៃការចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងពិនិត្យទៅលើការស្ថាបនាផ្លូវក្នុងភូមិ លោក ឃួង ស្រេង ក៏បានជំរុញឲ្យក្រុមការងារធ្វើការស្ថាបនាផ្លូវក្នុងភូមិស្នួលនេះ ឱ្យបានលឿន ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយជាគម្រោង លោកអភិបាលរាជធានីគ្រោង ស្ថាបនាផ្លូវបេតុងឆ្អឹងដែកចូលទៅក្នុងវត្តអង្គមុនីក្នុងភូមិស្នួលសង្កាត់ពន្សាំងនេះ ប្រវែង១៣០០ម៉ែត្រ ដែលមានទទឹង ៨ម៉ែត្រ៕