(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញក្នុងវិធីអប់រំសុខភាពមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ។

ពិធីនេះបានធ្វើឡើងនៅក្នុងសាលាបឋមសិក្សាភូមិធំ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដោយមានកុមារមកទទួលនៅក្នុងកម្មវិធីអប់រំសុខភាពមាត់ធ្មេញ និងការពិនិត្យមាត់ធ្មេញនេះមានចំនួន ៥០០នាក់។

ក្នុងឱកាសនោះ ក្រៅពីការសុខភាពមាត់ធ្មេញលោក ឃួង ស្រេង និងលោកស្រី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់សិក្សានុសិស្សទាំង ៥០០នាក់នេះផងដែរ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ ប៊ិច មី ជាមួយនិងថ្នាំដុសធ្មេញពីរប្រអប់ផងដែរ ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះដែរ ក៏បានណែនាំឱ្យក្មួយសិក្សាទាំងអស់ ត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាពដោយត្រូវងូតទឹកដុសធ្មេញ លាងសម្អាតរាងកាយឲ្យបានស្អាត មុនមកសាលារៀន ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សល្អមិត្តល្អ ដោយក្មួយៗជាទំពាំងត្រូវស្នងឬស្សី។

គួរបញ្ជាក់ដែរថា ចំពោះកម្មវិធីដែលបានបង្កើតឡើងនេះមាន ៣ចំណុចសំខាន់ ដែលតម្រូវឲ្យក្មួយៗយកទៅអនុវត្ត ដើម្បីឱ្យសុខភាពមាត់ធ្មេញរបស់កុមាររឹងមាំ ក្នុងនោះរួមមាន៖ ត្រូវដុសធ្មេញជាមួយថ្នាំដុះធ្មេញ មានជាតិហ្វូអឺរាយឲ្យបាន ២ដងក្នុងមួយថ្ងៃ ចៀសវាង អាហារភេសជ្ជៈដែលមានជាតិស្ករខ្លាំង ត្រូវទៅជួបទន្តពេទ្យទន្តពេទ្យជាប្រចាំដើម្បីថែទាំធ្មេញ។

ចំពោះការពិនិត្យសុខភាពមាត់ធ្មេញធ្វើការបែងចែកការថែទាំជា ៣កម្រិត ដោយអាស្រ័យតាមតម្រូវការរបស់កុមារ ក្នុងនោះរួមមាន៖

*កម្រិតទី១ ៖ ការពិនិត្យសុខភាពមាត់ធ្មេញ និងលាបថ្នាំការពារ (ស៊ីលវើដាយម៉ាញភូអរ៉ាយ) ដើម្បីជួយបញ្ចប់ការរីកធំនៃរោគពុកមាត់ពុកធ្មេញ
*កម្រិត២ ៖ កុមារអាចទទួលការបិទប៉ះធ្មេញដោយគ្មានការឆាបធ្មេញនឹងការបិទការពារលើធ្មេញស្រុកខាងក្រោយ
*កម្រិត៣ ៖ គឺការព្យាបាលកម្រិតខ្ពស់ដែលរួមមាន ការប៉ះធ្មេញមុខឲ្យស្រស់ស្អាត ការព្យាបាលធ្មេញនិងការដកធ្មេញដែលខូចខ្លាំង។

គួរបញ្ជាក់ទៀតថា ក្នុងឱកាសនោះដែរលោក ឃួង ស្រេង និងលោកស្រី ក៏បានជួយឧបត្តម្ភលើការសាងសង់បង្គន់អនាម័យចំនួន ៥បន្ទប់ និងបន្ទប់លាងដៃមួយបន្ទប់ដល់សាលាបឋមសិក្សា ភូមិធំនេះផងដែរ៕