(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយអនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុងស្រុកឃុំសង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដង្ហែបុណ្យផ្កាប្រាក់ជួសជុលប្រាសាទបន្ទាយឆ្មារ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ថ្លែងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំជាតិជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងយោធា នគរបាល កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា យុទ្ធសាស្រ្តឈ្នះឈ្នះ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះដល់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយថ្មីៗនេះតាមរយ:សកម្មភាពមនុស្សធម៌ដ៏អស្ចារ្យអនុញ្ញាតឲ្យនាវាទេសចរណ៍ ខ្នាតយក្ស westerdam ដែលមានផ្ទុកមនុស្សចំរុះជាតិសាសន៍ជាង ២០០០នាក់ ចូលចតបានធ្វើឲ្យកម្ពុជា មានកេរ្ត៍ឈ្មោះល្បីសុសសាយពេញពិភពលោក។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្ថែមទៀតថា បុណ្យផ្កាប្រាក់នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃមូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារ ដែលត្រូវការនូវថវិកាប្រមាណជាង ៣លានដុល្លារ ដើម្បីឲ្យប្រាង្គចំនួន៧ នៃកំពែងទី១ ឈរបង្អួតសម្រស់បញ្ចេញស្នាមញញឹមផ្តល់ក្តីសង្ឃឹមដល់កូនខ្មែរគ្រប់រូបគ្រប់ជំនាន់បន្តថែរក្សាតរៀងទៅ និងសូមអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិ ជួយគាំទ្រមូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះត្រូវបោះបង់ចោលជាច្រើនឆ្នាំ និងបានទទួលរងខ្ទេចខ្ទាំដោយសារសង្រ្គាម ធម្មជាតិ និងមនុស្ស ដែលធ្វើឲ្យ និងតួប្រាង្គនៃប្រាសាទទាំងមូលដួលរាបដល់ដីស្ទើរគ្មានសល់ ហើយក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីម៉ៅ ម៉ាល័យ ប្រាសាទនេះត្រូវបានជួសជុលលម្អវិញជាបណ្តើរៗ៕