(ឧត្ដរមានជ័យ)៖ លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ បានរៀបចំបើកសម្ពោធ ទីស្នាក់ការសាខា ប្រចាំខេត្ត ឧត្តរមានជ័យ ស្ថិតនៅភូមិច្រាបស្វា ឃុំចុងកាល់ ស្រុកចុងកាល់ ក្រោមអធិបតីភាពលោក រិទ្ធី បាក់ អភិបាលស្រុក ចុងកាល់ តំណាង លោកអភិបាល ខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២ ០។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកប្រធានការិយាល័យ ភូមិបាលស្រុកចុងកាល់, លោកមេបញ្ជាការសឹករងស្រុកចុងកាល់, លោកមេបញ្ជាការអាវុធហត្ថ ស្រុកចុងកាល់, លោកអធិការរងស្រុកចុងកាល់ លោក កុយ ណារ៉ុង មេឃុំចុងកាល់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមលោក ហាយ ណាំហេង បានឲ្យដឹងថា អង្គការដើមលាភ មានគោលបំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៖
* ជួយជាមនុស្សធម៌ ដល់ប្រជាជនទូទៅ
* ចែករំលែកបទពិសោធន៍ ឲ្យមានការយល់ដឹង និងជួយដល់កុមារក្រីក្រ ជនពិការគ្មានទីពឹង
* ពង្រីក និងពង្រឹងចំណេះដឹង បទពិសោធន៍ និងលើកកម្ពស់ជីវភាពគ្រួសារ ឲ្យមានភាពធូរធា និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានឲ្យស្របតាមកំណើន សេដ្ឋកិច្ចរបស់ប្រទេសជាតិ
* ចូលរួមការពារ និងថែរក្សាព្រៃឈើ សត្វព្រៃ និងបរិស្ថាន ព្រមទាំងបង្កើតឲ្យមានស្ថានីយ៍បណ្តុះ និងដាំកូនឈើ
* បង្កើន និងពង្រីកសកម្មភាពសប្បុរធម៌ ដល់អ្នកដែលត្រូវការជាចាំបាច់។
សូមបញ្ជាក់ផងដែរថា អង្គការដើមលាភ មានស្នាក់ការកណ្តាល នៅផ្ទះលេខ០៩ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕