(ពោធិ៍សាត់)៖ សាខាសមាគមនារីខេត្តពោធិ៍សាត់ សហការជាមួយសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា និងក្រុមហ៊ុន Revlon បានបើកវេទិកាតម្រង់ទិសយុវតី ឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ ជូនសិស្សនារីមកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ប្រមាណ២៥០នាក់ ក្រោមប្រធានបទ «តម្លៃស្ត្រី - ស្ត្រីលើកកម្ពស់ស្ត្រី»។
វេទិកានេះត្រូវបានធ្វើឡើង នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ថ្នាក់កណ្ដាល, លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់, លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ, លោកស្រី ច័ន្ទ ភារី នាយិកាក្រុមហ៊ុនRevlon និងលោក សែម ស័ក្តិសិនា អគ្គលេខាធិការ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានថ្លែងថា វេទិកានេះមានគោលបំណង ផ្សព្វផ្សាយនូវចំណេះដឹងមួយចំនួន ដល់ក្មួយៗយុវតីថ្នាក់ទី១២ ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិចារណា ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ឈានឆ្ពោះទៅរកភាពជាអ្នកដឹកនាំដោយជោគជ័យនាពេលអនាគត។ នេះជាលើកទី៤ហើយ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំវេទិកា ស្ដីពីការបង្កើនភាពជោគជ័យសម្រាប់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងការប្រកបអាជីវកម្ម។ វេទិកាទាំងអស់នោះ សុទ្ធតែមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ស្ត្រី ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការដឹកនាំ និងធ្វើសេចក្ដីសម្រេចចិត្ត។
យុវតីជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ បានស្ដាប់នូវការទូន្មានប្រៀនប្រដៅ ការផ្ដល់ជាគំនិត ចំណេះដឹង និងបទពិសោធន៍ល្អៗ ពីវាគ្មិនថ្នាក់ដឹកនាំ ព្រមទាំងមានការលើកជាសំណួរ ចម្លើយ និងការប្ដេជ្ញាចិត្តផងដែរ។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា វេទិកានេះ គឺជាការស្វែងរកក្មួយៗជាក្មេងស្រី ចូលរួមឱ្យបានកាន់តែច្រើន ក្នុងឆាកនយោបាយ ដែលមានការគាំទ្រពីសំណាក់មីងៗ អុំៗ និងលោកគ្រូអ្នកគ្រូ។ យើងទាំងអស់គ្នាចង់បណ្ដុះគំនិតដល់ក្មួយៗ ឱ្យមានក្ដីស្រម័យមួយពិតប្រាកដ គឺចង់ក្លាយជាអ្នកដឹកនាំដូចបុរសដែរ។ ដូច្នេះទាមទារឱ្យក្មួយៗ ត្រូវតែមានសេចក្ដីក្លាហាន ហ៊ានតស៊ូពុះពាររាល់ការលំបាក ដើម្បីធ្វើឱ្យក្ដីស្រម័យរបស់ខ្លួនក្លាយជាការពិត។ លោកស្រីបានស្នើដល់ក្មួយៗ ត្រូវសិក្សារៀនសូត្រ និងដើរតាមគំរូវីរភាពអ្នកនយោបាយជាស្ត្រី ដែលជាមនុស្សចាស់ អំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួន ជាច្រើនឆ្នាំកន្លងមក។ លោកស្រីបានលើកឡើងថា បច្ចុប្បន្នស្ត្រីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី លើវិស័យនយោបាយ។
លោកស្រី ឯម ប៉ុណ្ណា បានបន្ថែមថា ស្ត្រីជាច្រើនបានក្លាយជាអ្នកដឹកនាំនៅគ្រប់កម្រិត ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ហើយពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណស្ត្រីក្នុងភាពជាអ្នកដឹកនាំ កាន់តែមានចំនួនកើនឡើងជាលំដាប់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តីជា គឺឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោកស្រីបានបន្តថា ក្រោយពីទទួលបានចំណេះដឹង គំនិត និងបទពិសោធន៍ល្អៗ សូមក្មួយៗយកទៅប្រើប្រាស់គិតពិចារណារឱ្យបានល្អិតល្អន់ ដើម្បីកែលម្អរ និងបង្កើនគំនិតថ្មីរបស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្ត ដល់មិត្តភក្កិ រួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីក្នុងវិស័យនយោបាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕