(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានជំរុញអនុសាខាកាកបាទក្រហមកម្ពុជាស្រុក-ក្រុង ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រៀមឆ្លើយតបគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។
លោកលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផែនការសកម្មភាព អតិបរមាសម្រាប់អភិវឌ្ឍន៍សាខាឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមសមាជិកគណៈកម្មាធិការសាខាខេត្ត ប្រធានអនុសាខាកាកបាទក្រហមក្រុងស្រុក និងមន្ត្រីកាកបាទក្រហមកម្ពុជាខេត្ត។
លោកបន្តថា ក្រៅពីការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយ សាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទស្រុក-ក្រុង ត្រូវផ្សព្វផ្សាយអប់រំពីអនាម័យសុខភាពទូទៅ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានដឹងជាងមុនសំដៅកាត់បន្ថយបានអត្រាឈឺ និងស្លាប់ដោយសារជំងឺ នៅពេលមានគ្រោះមហន្តរាយកើតឡើង, ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងការពារជាងមុនដូចជា ការពារក្មេងតូចៗកុំឲ្យលេងទឹក ជួសជុល ឬទុកផ្ទះដែលមានសភាពទ្រុឌទ្រោមនៅចំមុខសញ្ញា នៃគ្រោះមហន្តរាយមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ អគ្គិភ័យ ឬបាក់ច្រាំងស្ទឹង-ទន្លេជាដើម។
លោកបន្ថែមថា ក្នុងទិសដៅឆ្នាំ២០២០ សាខាកាកបាទក្រហមខេត្តកណ្តាល ផ្ដោតសំខាន់លើការងារមនុស្សធម៌ ការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយផ្សេងៗ ការអភិវឌ្ឍធនធានមនុស្ស និងការជួយសង្គ្រោះតាមភាពជាក់ស្ដែង។ មួយវិញទៀត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក-ក្រុង ត្រូវរាយការណ៍ឲ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានរបស់ខ្លួន មកសាខាកាកបាទក្រហមខេត្តដើម្បីឲ្យសាខាកាកបាទក្រហមខេត្តចុះជួយប្រជាពលរដ្ឋបានទាន់ពេល។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ សាខាកាកបាទក្រហមខេត្តកណ្តាលបានចុះសួរសុខទុក្ខ និងចែអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមបណ្ដាស្រុក-ក្រុង បានចំនួន ៤០លើក។ ក្នុងនោះចែកអំណោយជូនដល់ចាស់ជរាគ្មានទីពឹង៣គ្រួសារ, ក្រីក្រ ១១គ្រួសារ, ស្ត្រីសម្រាលកូន៣៨គ្រួសារ, អ្នកជំងឺទូទៅ ៤៩គ្រួសារ, អ្នកផ្ទុកមេរោគអេដស៍ ៣៤១គ្រួសារ, ជនពិការ៣ គ្រួសារ, អគ្គិភ័យ៦គ្រួសារ, ខ្យល់កន្ត្រាក់ ៤៨០គ្រួសារ, បាក់ច្រាំងទន្លេ១០០គ្រួសារ, លង់ទឹក១គ្រួសារ, គ្រោះថ្នាក់ចរាចរណ៍ ១គ្រួសារ, ឆេះរោងចក្រឡសម្ងួតស្រូវ ៣គ្រួសារ, ឧបទ្ទវហេតុរលំរបងសង្កាត់ផ្ទះ៤គ្រួសារ, និងផ្ទុះគ្រាប់១០៥ចំនួន២គ្រួសារ, សរុប១,០៤២គ្រួសារនៅក្នុងស្រុក-ក្រុងទាំង១១ទូទាំងខេត្តផងដែរ៕