(ព្រះវិហារ)៖ លោក គោ សុំប៊ុនសឿត អភិបាលស្តីទីខេត្តព្រះវិហារ និងលោក ខាន់ ខុន ប្រធានសមាគមបេសកកម្មដំណឹងថ្មីរួមជាមួយលោក សុក សាន្តតារា អភិបាលស្រុកឆែប ក៏ដូចជាអជ្ញាធរមូលដ្ឋានឃុំ-ភូមិ បានអញ្ជើញចុះប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន៣ភូមិក្នុងស្រុកឆែប និង២ភូមិក្នុងស្រុកត្បែងមានជ័យ ដើម្បីឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ។
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសនោះលោកអភិបាលខេត្តស្តីទី គោ សុំប៊ុនសឿត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។
លោក គោ សុំប៊ុនសឿត បានថ្លែងទៀតថា «ប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ ហើយការអភិវឌ្ឍប្រទេស គឺមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ក្នុងនោះក៏មានការចូលរួមពីសហគមន៍ ពីសមាគមជាតិ និងអន្តរជាតិជាច្រើនផងដែរ»។
ជាក់ស្តែងអណ្តូងទឹកដែលបងប្អូនប្រជាពលរដ្ឋទទួលបាននេះដែល ជាអំណោយរបស់សមាគមបេសកកម្មដំណឹងល្អ ដែលមានលោក ខាន់ ខុន ជាប្រធាន និងជាទីប្រឹក្សាក្រសួងធម្មការ និងកិច្ចការសាសនា បានផ្តល់អណ្តូងទឹកស្នប់អាហ្វ្រីដេសចំនួន១៦ គិតជាថវិកាសរុប ២៨,៨០០ដុល្លារ តាមរយៈលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
លោក គោ សុំប៊ុនសឿត ក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលពីការប្រើប្រាស់ទឹកអណ្តូងស្នប់នេះ សូមជួយថែរក្សាការពារ ជាផលប្រយោជន៍រួម និងឲ្យការប្រើប្រាស់បានយូរអង្វែងតទៅ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕