(តាកែវ)៖ ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន មេបញ្ជាការរងកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក បានលើកឡើងថា កងកម្លាំងជំនាញវិស្វកម្ម បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍ជាតិ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះបំផ្លាញគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ដើម្បីកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម និងផ្តល់ដីជូនប្រជាពលរដ្ឋរស់នៅ បង្កបង្កើនផលក្នុងជីវភាពសមរម្យ និងបានចូលរួមពង្រឹងប្រៀប ការពារជាតិបានយ៉ាងរឹងមាំថែមទៀត។
ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន ធ្វើឡើងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារជំនាញវិស្វកម្មកងទ័ពជើងគោកឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការអនុវត្តន៍បន្ត សកម្មភាពជំនាញវិស្វកម្មឆ្នាំ២០២០ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ខេត្តតាកែវ។
ក្នុងនាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារបំពេញរាល់ភារកិច្ច សំរេចបាននូវស្នាដៃ ក្នុងរយៈពេល ១ឆ្នាំកន្លងមក របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ព្រមទាំងជំនាញពាក់ព័ន្ធទាំងអស់ សម្រេចបាន ប្រកបដោយម្ចាស់ការខ្ពស់ និងបានថ្លែងអំណរគុណដល់អជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) ដែលបានជួយទំនុកបំរុង ទាំងស្មារតី ថវិការ សម្ភារ និងបច្ចេកទេស ព្រមទាំងបានចាត់បញ្ជូនគ្រូជួយបង្ហាត់បង្រៀន ដោយបានបើកវគ្គបំប៉នជំនាញដល់យោធិន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។
ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានជំរុញលើកទឹកចិត្តដល់កម្លាំងវិស្វកម្មកងទ័ពជើងគោក ឲ្យបន្តខិតខំប្រឹងប្រែង អនុវត្តន៍កាន់តែប្រសើរបន្ថែមទៀតសម្រាប់ ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ពីសភាពការណ៍នយោបាយជាតិ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ដែលកំពុងមានការវិវឌ្ឍន៍ និងបានថ្លែងអំណរគុណដល់ នាយទាហាន នាយទហានរង និងពលទាហាន បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានចូលរួមក្នុងការថែរក្សា សុខសន្តិភាព។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងនោះបានចូលរួមគាំទ្រ និងអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់ទី៤ ក្នុងកំណែរទំរង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ខិតខំកសាងអង្គភាព រឹងមាំលើគ្រប់វិស័យ ដើម្បីពង្រឹងប្រៀបការពារជាតិ និងបានសហការណ៍ជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីអនុវត្តន៍ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងបានហ្វឹកហ្វឺនបំប៉នសមត្ថភាពកងទ័ពជាប្រចាំ ធានាគ្រប់គ្រងជូសជុលគ្រឿងបរិក្ខាធានាបាននូវសុវត្ថិភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច ការពារគោរពរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រៈមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ខិតខំពង្រឹងកសាងប្រៀបការពារជាតិ និងការពារបូរណភាពទឹកដីឲ្យបានរឹងមាំ។
ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានជំរាបជូនពីសន្ទស្សន៍ទូរលេខករណីដែលបានរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់សង្គ្រាមមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩នេះ ជនដែលបានរងគ្រោះដោយសារគ្រាប់មីន ស្លាប់មានចំនួន ៦៤,៨០០នាក់ ប្រុសចំនួន ៥៨៦០០នាក់ ស្រីមានចំនួន ៦១៧៧នាក់ ស្លាប់ដោយសារមីនមានចំនួន ៥១ ០៩១នាក់ ស្លាប់ដោយកាកសំណល់មិនទាន់ផ្ទុះចំនួន ១៣ ៧៤៩នាក់ ពិការមានចំនួន ៤៥ ០៦១នាក់ ស្លាប់ដោយមិនដឹងថាមីន និងកាកសំណល់សង្ក្រាមមិនទាន់ផ្ទុះមានចំនួន ៦៣នាក់ និងបានរំដោះផ្ទៃដី ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ មានផ្ទៃដីដែលត្រូវរំដោះសរុបចំនួ ន ១៨៧០គីឡូម៉ែត្រការ៉េ។
រីឯអ្នកទទួលផលពីផ្ទៃដី ដែលបានដោះមីនហើយមានចំនួន ២លាន ៥សែន ៥១៥៦គ្រួសារ ស្មើរនឹងមនុស្សចំនួន ៥លាន ៥សែន ២៦០២នាក់។
បើតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក អ៊ុជ វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានឲ្យដឹងថា បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានចុះបំពេញភារកិច្ចទាំងការងារគ្រប់គ្រងអចលនទ្រព្យ និងប្រើប្រាស់កម្លាំង មធ្យោបាយរថយន្ត គ្រឿងចក្រ ចុះបំពេញភារកិច្ចស្ថាបនាផ្លូវតាមបណ្តាខេត្តនានា ព្រមទាំងបានសហការជាមួយមន្ត្រីបច្ចេកទេស ក្រសួងអណាបក្ខ ចុះសិក្សា និងលើកគម្រោងសិក្សា និងលើកគម្រោងស្ថាបនាផ្លូវក្នុងផែនការ ឆ្នាំ២០១៩ ចុះត្រួតពិនិត្យលក្ខណះបច្ចេកទេសការងារសាងសង់ផ្លូវ សំណង់ដោះទឹក និងជួសជុលកែសម្រួល សំណង់ដោះទឹក ព្រមទាំងបានធ្វើការផ្ទេរប្រគល់បញ្ចប់សុពលភាព និងផ្ទេរ១០០ភាគរយ ជូនក្រសួង។
ក្រៅពីការងារស្ថាបនា និងសាងសង់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក បានអនុវត្តន៍តាមបទបញ្ជាមេបញ្ជាការដ្ឋានកងទ័ពជើងគោកដោយបានចាត់តាំងកម្លាំងបំពេញការងារប្រចាំថ្ងៃ ជាប្រចាំ ក៏ដូចជាតាមបណ្តាការដ្ឋាននានា ដើម្បីចូលរួមការពារ រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងបានបន្តការកែទំរង់ការហ្វឹកហ្វឺន រៀនសូត្រ អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញនៅក្នុង និងក្រៅស្រុកដែលសម្រេចបានគួជាទីមោទនះ ទោះបីជួបការលំបាកខ្លះៗក៏ដោយ។
របាយការណ៍ក៏បានបញ្ជាក់ ពីទិសដៅសំខាន់ៗដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០ផងដែរ។ បន្ទាប់មកអង្គប្រជុំក៏បានបូកសរុបការងារឆ្មាំ២០១៩ រួមនឹងការងារលំបាកខ្លះៗដែលអង្គភាព ជំនាញជួប្រទះ ធ្វើការដកពិសោធន៍កែសម្រួលការងារ ដើម្បីដាក់ចេញទិសដៅបន្តឆ្នាំ២០២០ ឲ្យអនុវត្តន៏ល្អបន្ថែមទៀត៕