(សៀមរាប)៖ ជាក្តីព្រួយកង្វល់ នៅក្នុងមួយឆ្នាំពិភពលោកទាំងមូលបានប្រើប្រាស់ប្លាស្ទិក ជាង៤០០លានតោន នៅក្នុងមួយឆ្នាំៗ ហើយគ្រាន់តែទីក្រុងភ្នំពេញមួយ គឺប្រើប្រាស់ប្លាស្ទិកជាង ១០លានថង់ក្នុងមួយថ្ងៃៗ។ នេះបើតាមឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថាន នាយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្មាំ២០២០។

ជាក្តីកង្វល់ចំពោះបរិស្ថានដោយសារតែការប្រើប្រាស់ប្លាស្ទិកយ៉ាងច្រើនបែបនេះ លោក នេត្រ ភក្ត្រា បានបន្តថា សម្រាប់នៅក្នុងឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ ពិភពលោកទាំងមូលនឹងប្រើថងប្លាស្ទិក រហូតដល់៦០០លានតោន នៅក្នុងមួយឆ្នាំ។ ប្រសិនបើមានការកើនឡើងឥតឈប់ឈរនៃការប្រើប្រាស់ប្លាស្ទិកនេះដែរ នៅក្នុងឆ្នាំ២០៣០ ចំនួនសន្សល់ប្លាស្ទិក នៅក្នុងពិភពលោកអាចនឹងកើនឡើងរហូតដល់ ៣៤ពាន់លានតោន។ ចាប់តាំងពីទសវត្សឆ្នាំ៩០ រហូតបច្ចុប្បន្ននេះ សន្សល់ប្លាស្ទិកនៅទូទាំងពិភពលោកមានចំនួន ៩.៣ប៊ីលានតោន។

បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ប្រសិនបើបណ្តាប្រទេសនៅទូទាំងពិភពលោកមិនចូលរួមគ្នា ខិតខំទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកនេះ ឱ្យមានសស្រាក់សស្រាំនោះទេ នៅឆ្នាំ២០៥០ នឹងមានឡើងរហូតដល់៣៤ប៊ីពាន់លានតោន ដូច្នេះចំនួនប្លាស្ទិកនេះនឹងមានវត្តមានច្រើនជាងត្រីនៅក្នុងទឹកប្រៃ និងទឹកសាបទៅទៀត។ ដោយសារតែក្តីកង្វល់ពីបញ្ហាប្លាស្ទិកនេះ ក្រសួងបរិស្ថាន បានខិតខំធ្វើការងារលើប្លាស្ទិកនេះ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋ នៅគ្រោះនៃការប្រើប្រាស់ប្លាស្ទិក។

ប្រទេសអាស៊ី ជាអ្នកចោលប្លាស្ទិចចូលសមុទ្រច្រើនជាង ក្នុងនោះគឺប្រទេសឥណ្ឌា នៅក្នុងមួយឆ្នាំៗ ឥណ្ឌាបង្កើនសំរាមប្លាស្ទិកចំនួន៥,៦លានតោន។ រដ្ឋាភិបាលឥណ្ឌាហាក់ដូចជាបង្ហាញគោលជំហរខ្លះ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ ច្បាប់ហាមឃាត់ថង់ប្លាស្ទិក ត្រូវបានអនុម័តតាំងតែពីឆ្នាំ២០០៩ម្ល៉េះ។ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង គឺគ្មាននោះឡើយ។ ប្រជាជនឥណ្ឌានៅតែបន្តប្រើថង់ប្លាស្ទិក និងសម្ភារវិចខ្ចប់ផ្សេងៗទៀតធ្វើពីសារធាតុ។

ប្រទេសឥណ្ឌា មិនមែនជាករណីដាច់ដោយឡែកទេ ក្នុងបញ្ហាកាកសំណល់ប្លាស្ទិកនេះ។ ប្រជាជនអាស៊ី ជាទូទៅ ត្រូវគេសម្លឹងឃើញថា ប្រើប្រាស់ និងចោលកាកសំណល់ប្លាស្ទិក ដោយមិនប្រណីដៃ។ ប្រទេសនៅតំបន់អាស៊ីសឹងតែទាំងអស់ គឺជាអ្នកផលិត ប្រើប្រាស់ និងបញ្ចេញចោលសំរាមប្លាស្ទិកច្រើនជាងគេបំផុត តួយ៉ាង ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ វៀតណាមជាដើម។ ក្នុងមួយឆ្នាំៗ ប្រទេសទាំង៥នេះ ចោលកាកសំណល់ប្លាស្ទិកចូលទៅក្នុងទឹកសមុទ្រ សរុបប្រមាណជា៤លានតោន ពោលគឺស្មើនឹងពាក់កណ្តាលនៃចំនួនសរុបទូទាំងសកលលោក។ នេះបើយោងតាមតួលេខ របស់អង្គការ Ocean Conservancy។

ជាងនេះទៅទៀត ប្រទេសទាំង៥ខាងលើនេះ គឺជាប្រទេសដែលមានកំនើនសេដ្ឋកិច្ចល្អ ហើយមានប្រជាជនច្រើន។ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ធ្វើពីសារធាតុប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងសង្វាក់ផលិតកម្ម តាមប្រទេសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនខ្វះការយល់ដឹង ហើយអាជ្ញាធរ ក៏ពុំមានវិធានការត្រឹមត្រូវ ក្នុងការបែងចែកសម្រាម ឬក៏កែច្នៃកាកសំណល់ប្លាស្ទិក យកមកប្រើប្រាស់វិញម្តងទៀត ឲ្យបានទូលំទូលាយទេ។ សឹងតែគ្រប់ទីកន្លែង នៅទ្វីបអាស៊ី សមុទ្រ ទន្លេ ស្ទឹង បឹង អូរ ពោរពេញដោយសម្រាម ថង់ប្លាស្ទិក ដបប្លាស្ទីក និងសម្ភារៈប្រើប្រាស់នានា ដែលមនុស្សចោល ឬដែល អណ្តែត លេចលង់ ក្រោយពេលមានទឹកជំនន់ម្តងៗ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៥០មក ផលិតផលធ្វើពីសារធាតុប្លាស្ទិក បានឡើងខ្ពស់ដាច់សារធាតុដ៏ទៃទាំងអស់។ ផលិតផលទាំងនោះភាគច្រើនគឺជាផលិតផល សម្រាប់ប្រើតែម្តងរួចចោលជាសម្រាម តួយ៉ាងដូចជា ស្បោង ដបទឹង ប៊ីដុង គំរបប្លាស្ទីក ប្រអប់វិចខ្ចប់ បំពង់បឺត ឬចានស្លាបព្រាជាដើម។ល។ តួលេខចុងក្រោយបង្អស់ បង្ហាញថា ក្នុងមួយឆ្នាំមានថង់ប្លាស្ទីកប្រមាណជា ៥០០ម៉ឺនលានថង់ ដែលត្រូវបានគេប្រើប្រាស់ ដែលមានន័យថា ១០លានថង់ ក្នុងមួយនាទី។

ក្នុងចំណោមផលិតផលប្លាស្ទីកទាំងអស់ គឺមានតែប្រមាណ៩% ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃ យកមកប្រើម្តងទៀត។ ចំណែក១២% ត្រូវគេដុតបំផ្លាញចោល។ នៅសល់ជិត៨០% ទៀត គឺត្រូវកា្លយជាសំរាម បោះបង់ចោលទៅក្នុងធម្មជាតិ ដូចជាតាមខ្សែទឹកនានា មុននឹងហូរនាំទៅដល់ក្នុងសមុទ្រ។ កាកសំណាក់ប្លាស្ទិក ត្រូវការពេលវេលារាប់ពាន់ឆ្នាំ មុននឹងត្រូវរលាយបែកបាត់រូបរាង។

អ្នកក្រជាអ្នករងគ្រោះខ្លាំងបំផុត បាត់រូបរាង្គមែន តែសារធាតុប្លាស្ទិក បានបំបែកខ្លួនជាបំណែកល្អងតូចៗ ចូលទៅក្នុងទឹក ធ្វើឲ្យខូចដល់ប្រព័ន្ធជីវចំរុះ ក្នុងសមុទ្រ។ បំណែកសារធាតុប្លាស្ទិក ដែលនៅត្រាំក្នុងទឹក បានជ្រាបចូលទៅក្នុងចំណីអាហារ ត្រីសាច់ បន្លែគ្រប់មុខ ដែលមនុស្សបរិភោគ។ សូម្បីតែទឹកបរិសុទ្ធដែលច្រកដបលក់ ៩០%ហើយ ដែលមានផ្ទុកដោយសារធាតុប្លាស្ទិក នៅក្នុងនោះអ្នកដែលងាយរងគ្រោះបំផុត ប្រឈមមុខនឹងបញ្ហា បង្កដោយកាកសំណល់ប្លាស្ទិកនេះ គឺប្រជាជនក្រីក្រ រស់នៅតាមមាត់ទឹក តាមតំបន់អាណាធិបតេយ្យ ជាយទីក្រុងធំៗ។ កាកសំណល់ប្លាស្ទិក បានបង្កជាការកកស្ទះប្រព័ន្ធលូ ជំនន់លេចទីក្រុង ហើយក្លាយជាប្រភពនៃការរីកឆ្លងនូវមេរោគរាតត្បាត ជំងឺរាគរូស អាសន្នរោគ និងគ្រុនឈាមជាដើម។

បើពិនិត្យលើតួលេខនៃចំនួនថង់ប្លាស្ទិក ដែលគេផលិតក្នុងមួយឆ្នាំៗ និងកាកសំណល់ប្លាស្ទិកទាំងអស់ ដែលចោលទៅក្នុងធម្មជាតិ ក្នុងមួយឆ្នាំៗនោះ គឺអ្នកវិទ្យាសាស្ត្រ អ្នកជំនាញទាំងអស់ គ្មានសង្ឃឹមទាល់តែសោះថាអាចស្រោចស្រង់ភពផែនដីយើងបាន។ តែយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ នៅតែជំរុញឲ្យគ្រប់គ្នាទាំងអស់ មិនថារដ្ឋាភិបាល មិនថាក្រុមហ៊ុនសហគ្រាស មិនថាប្រជាជនសាមញ្ញម្នាក់ៗ ត្រូវដាក់បញ្ហានេះជាបញ្ហារួមនៅក្នុងចិត្ត ហើយចូលរួមធ្វើអ្វីមួយ ដែលអាចធ្វើបានទៅតាមលទ្ធភាពរៀងៗខ្លួន។

ការយល់ដឹងពីផលវិបាក និងការចូលរួម ពីមនុស្សម្នាក់ៗក្នុងសង្គម គឺជាការចាំបាច់បំផុត។ វាមិនមែនជាការងាយទេ ដែលមនុស្សក្នុងសង្គម ត្រូវបោះបង់ចោលទម្លាប់ចាស់ ដែលខ្លួនតែងតែធ្វើ ដោយមិនយល់ពីផលវិបាកកន្លងមក។ តែនេះគឺវាស្ថិតនៅលើការពង្រឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយអបរំរបស់អាជ្ញាធររដ្ឋ ដែលត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ អាជ្ញាធររដ្ឋត្រូវមានតួនាទី ដាក់ចេញនូវគោលនយោបាយ បែងចែកកាកសំណល់ ដើម្បីប្រមូលយកកាកសំណស់ប្លាស្ទិកយកទៅចំរាញ់ ឬកែច្នៃ ប្រើប្រាស់ឡើងវិញ។ ថែមពីនេះទៀត រដ្ឋក៏ត្រូវលើកកម្ពស់ ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកផលិតផល ឬវត្ថុធាតុដើមផ្សេង មកជំនួសសារធាតុប្លាស្ទិក ហើយដែលមានផលប៉ះពាល់ តិច ជាងសារធាតុនេះ។ អ្នកជំនាញអង្គការសហប្រជាជាតិ លើកឡើងថា ពេលនេះជាពេលអាសន្នចុងក្រោយបំផុត ដែលយើងគ្រប់គ្នា ត្រូវការភាពជាអ្នកដឹកនាំសកល ត្រូវការភាពក្លាហានរបស់ប្រទេសនីមួយៗ ដើម្បីឈានទៅយកឈ្នះ ឡើងជញ្ជាំងភ្នំបា្លស្ទិក ឬហែលឆ្លងមហាសមុទ្រថង់ប្លាស្ទិកនេះ ឲ្យខាងតែបាន៕