(ភ្នំពេញ)៖ ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី សហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា បានរៀបចំពិធីដាក់សម្ពោធសារជាថ្មី នូវរូបរាងថ្មីឱសថ RODOGYL® ដោយមានការចូលរួមពីសំណាក់ទន្តពេទ្យប្រមាណ២៥០នាក់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។
ទោះជាមានការរីកចម្រើន និងកាន់តែប្រសើរឡើងផ្នែកសុខភាពមាត់ធ្មេញនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏នៅមានប្រជាជនមួយភាគធំនៅតែមកទទួលការព្យាបាលថែទាំសុខភាពមាត់ធ្មេញជារៀងរាល់ឆ្នាំ។
គេប៉ាន់ប្រមាណថាមានមនុស្សពេញវ័យប្រហែល១៣% មកទទួលសេវាកម្មថែទាំមាត់ធ្មេញដោយសារការចម្លងរោគនៅមាត់ធ្មេញ ឬឈឺធ្មេញ ក្នុងអំឡុងពេល៤ឆ្នាំ។ នៅសហរដ្ឋអាមេរិកមានប្រជាជន១នាក់ក្នុងចំណោមប្រជាជន២៦០០នាក់ ចូលសម្រាកពេទ្យដោយសារមានការចម្លងរោគមាត់ធ្មេញ។
ប្រជាជន១នាក់ក្នុងចំណោម៥នាក់គឺមានធ្មេញប្រហោង (ដង្កូវស៊ីធ្មេញ) ដែលមិនបានព្យាបាល។ ការចម្លងរោគនៅជាលិកាជុំវិញធ្មេញ គឺកើតមានជាញឹកញាប់ និងបានប៉ះពាល់ដល់ប្រជាជនអាមេរិក៣៥% អាយុពី៣០ទៅ៩០ឆ្នាំ។
ក្នុងឱកាសនេះដែរ លោក សុខុម រិទ្ធីវុធ ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ បានមានប្រសាសថា គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថា ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី គឺជាក្រុមហ៊ុនអន្តរជាតិ នាំចូលឱសថដែលមានគុណភាពល្អៗ និងមានប្រសិទ្ធភាពប្រើប្រាស់ក្នុងវិស័យទន្តសាស្ត្រ ដូចជាឱសថ RODOGYL មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមាត់ធ្មេញ។
ម្យាងវិញទៀត ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី មានលក្ខណៈសម្បត្តិជាដៃគូរដ៏ប្រពៃជួយដល់គណៈទន្តពេទ្យកម្ពុជា ក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្តដល់អ្នកប្រកបវិជ្ជាជីវៈវិស័យទន្តសាស្ត្រក្នុងគោលបំណងបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្ត្រ និងបទបញ្ញត្តិក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ បានលើកឡើងថា ឱសថ RODOGYL® ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺកម្ពុជាជាង១០ឆ្នាំមកហើយ។
លើកនេះ គឺជាការសម្ពោធសារជាថ្មី នូវរូបរាងថ្មីរបស់ឱសថ RODOGYL® ដោយយើងបានសហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដើម្បីរៀបចំកម្មវិធីនេះឡើង។
មិនត្រឹមតែលើកនេះទេ ដែលក្រុមហ៊ុនសហការជាមួយគណៈទន្តពេទ្យជាតិកម្ពុជា ដោយកន្លងមកយើងបានសហការជាមួយគ្នា រៀបចំកម្មវិធីនានាជាមួយនឹងគណៈទន្តពេទ្យខេត្ត ស្ទើរតែគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជារួចមកហើយ។
លោកបានបញ្ជាក់ថា “ឱសថ RODOGYL® ផ្សំពីអង់ទីប៊ីយ៉ូទិក២មុខរួមបញ្ចូលគ្នាគឺ ស្ពៀរ៉ាមីស៊ីន និងមេត្រូនីដាហ្សុល។ ឱសថនេះផលិតឡើងជាពិសេសសម្រាប់ទន្តពេទ្យ និងគ្រូពេទ្យទូទៅចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺដែលមានការចម្លងរោគដោយបាក់តេរីនៅមាត់ធ្មេញ និងសម្រាប់បង្ការការចម្លងរោគក្រោយពីការវះកាត់មាត់ធ្មេញ ឬដកធ្មេញ”។
អត្ថប្រយោជន៍នៃការរួមបញ្ចូលគ្នារវាងអង់ទីប៊ីយ៉ូទិក២មុខនេះ គឺដើម្បីគ្របដណ្តប់ទប់ស្កាត់ និងសម្លាប់បាក់តេរីភាគច្រើននៅត្រង់មាត់ធ្មេញ ដែលច្រើនបង្កឡើងដោយបាក់តេរី២ក្រុមធំៗគឺ មេរោគដែលត្រូវការអុកស៊ីសែន និងមេរោគដែលមិនត្រូវការអុកស៊ីសែន។ លើសពីនេះទៅទៀត ការរួមបញ្ចូលគ្នានេះបង្កើនលទ្ធភាពនិងប្រសិទ្ធភាពក្នុងការទប់ស្កាត់និងសម្លាប់បាក់តេរី។
សម្រាប់ការប្រើប្រាស់ RODOGYL®មនុស្សអាយុពេញវ័យចាប់ពី ១៥ឆ្នាំ ឡើងទៅអាចប្រើប្រាស់មួយថ្ងៃបានដល់ទៅ៦គ្រាប់ មួយដង់ ២គ្រាប់ ៣ពេល និងសម្រាប់កុមារវិញមួយថ្ងៃ២គ្រាប់ មួយដង ១គ្រាប់ ២ពេល ក្នុងកំឡុងពេលទទួលទានអាហារដើម្បីជៀសវាងផលរំខាននានា។
ឱសថនេះមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺមាត់ធ្មេញ ជាពិសេសវាជាឱសថចាំបាច់នៅក្នុងវិស័យទន្តសាស្ត្រនេះតែម្តង។ នេះជាការបញ្ជាក់បន្ថែមដោយលោកសាស្ត្រាចារ្យទន្តបណ្ឌិត ហេង សុបញ្ញា។
ឱសថ RODOGYL® ជាដៃគូដ៏ល្អ សម្រាប់ទន្តពេទ្យ គ្រូពេទ្យ និងអ្នកជំងឺដែលមានបញ្ហាមាត់ធ្មេញ។
សូមពិគ្រោះយោបល់ជាមួយទន្តពេទ្យ ឬគ្រូពេទ្យរបស់លោកអ្នកជាមុនសិនមុននឹងប្រើឱសថ RODOGYL® ។ លោកអ្នកអាចរកឱសថនេះបាននៅតាមឱសថស្ថានស្របច្បាប់នានា ក្នុងប្រទេសកម្ពុជា៕