(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ដែលជាថ្ងៃដំណាច់ខែនេះ បានអញ្ជើញបង្ហូរញើសលើវាលស្មៅ ដើម្បីលើកកម្ពស់សុខភាព។
ទន្ទឹមនឹងការទៅវាយកូនហ្គោលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតរំលេចរូបភាពលើវាលស្មៅ និងបង្ហោះសាររំលឹកនូវពាក្យពេចន៍របស់ប្រជាពលរដ្ឋចិន ដែលបានលើកសរសើរសម្តេចជាបុរសសង្ហាផងដែរ។
ថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងសន្និសីទព័ត៌មានពិសេសមួយស្តីពីការដាក់ចេញវិធានឆ្លើយតបបញ្ហាប្រឈមដោយសារជំងឺផ្លូវដង្ហើបង្កដោយមេរោគ «COVID19» នោះ ស្ត្រីជាអ្នកព័ត៌មានរបស់ចិនមួយរូប បាននាំនូវពាក្យពេចន៍ផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋចិនមួយចំនួន ដែលបានស្ញប់ស្ញែងចំពោះសមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ចំពោះប្រទេសចិន និងពលរដ្ឋចិន ពេលប្រឈមការលំបាកដោយសារតែមេរោគ «COVID19»។
បើតាមស្ត្រីជាអ្នកព័ត៌មានចិន បានលើកឡើងថា ទឹកចិត្តរបស់សម្តេចតេជោ ដែលមិនរើសអើងចំពោះប្រជាពលរដ្ឋចិន និងការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ចំពេលចិនវាយលុកដោយមេរោគ «COVID19» ត្រូវបានប្រជាពលរដ្ឋនាំគ្នាគោរពកោតក្រែងចំពោះទឹកចិត្តរបស់សម្តេច រហូតពួកគេលាន់មាត់សរសើរសម្តេចថាជា «បុរសសង្ហាដើរបញ្ច្រាសគេ»។ បញ្ច្រាសគេ ត្រង់ថា ប្រទេសជាច្រើនបានបង្ហាញការរើសអើងចំពោះចិន ផ្តាច់ការទាក់ទងជាមួយចិន តែសម្តេចតេជោ មិនត្រឹមតែមិនផ្តាច់ការទាក់ទងជាមួយប្រទេសចិនទេ ថែមទាំងធ្វើដំណើរបំពេញទស្សនកិច្ចនៅចិនថែមទៀតផង។
នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកសម្តីនេះ ហើយក៏បានចោទសួរជាសំណួរបែបលេងសើចថា តើសម្តេចពិតជាសង្ហាមែនទេ ក្នុងឯកសណ្ឋានវាយកូនហ្គោលនៅព្រឹកនេះ?
ទោះជាយ៉ាងណា សម្តេចតេជោ បានបញ្ចប់ដោយប្រយោគថា សំណួរនេះគ្រាន់តែនិយាយលេងទេ ព្រោះបើទោះជាសង្ហា ឬមិនសង្ហា ក៏ពេលនេះ សម្តេចមានចៅ២០នាក់រួចទៅហើយដែរ។
សូមបញ្ជាក់ថា ក្នុងពេលពិភពលោកប្រឈមដោយសារមេរោគ «COVID19» សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកមើលឃើញថា ជាមេដឹកនាំមួយរូប ដែលមានលំហបេះដូងធំទូលាយសម្រាប់មនុស្សមិនថាតែចិននោះទេ គឺនៅមានជាតិសាសន៍ជាច្រើនដទៃទៀត បន្ទាប់ពីសម្តេចអនុញ្ញាតឱ្យអ្នកទេសចរ ៤១ជាតិសាសន៍លើនាវា Westerdam ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ។
ការអនុញ្ញាតឱ្យនាវារសាត់អណ្តែតលើមហាសាគរដោយប្រទេសជាច្រើនបានបដិសេធមិនឱ្យចូលនេះ ជាកាយវិការដ៏វិសេសវិសាលក្នុងការជួយដល់មនុស្សដែលត្រូវបានគេរើសអើង៕