(ភ្នំពេញ)៖ លោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរាជទូតអូស្ដ្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ដ្រាលី និងក្រសួងកិច្ចនារី មានការប្ដេជ្ញាចិត្តរួមគ្នា យ៉ាងមុតមាំក្នុងការ ជំរុញឲ្យមានសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ប៉ាប្លូ ជីហូកាង ឯកអគ្គរាជទូតអូស្ដ្រាលី ប្រចាំកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី ការភ្ជាប់ស្ត្រី ទៅកាន់ពិភពកាលានុវត្តភាព ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើង នៅក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ប៉ាប្លូ ជីហូកាង បានបន្ថែមថា ស្ដ្រីកម្ពុជា និងនៅជុំវិញពិភពលោក រួមទាំងនៅប្រទេសអូស្ដ្រាលី ប្រឈមនិងឧបសគ្គមួយចំនួន នៅពេលដែលនិយាយ អំពីការអប់រំ និងឱកាសការងារ។ ការណ៍នេះ ដោយសារតែបទដ្ឋានសង្គម និងវប្បធម៌ រួមទាំងភាពតានតឹងរវាងតម្រូវការ ប្រកួតប្រជែង និងការរំពឹងទុកនៃការងារ និងគ្រួសារ។
ឯកអគ្គរាជទូតអូស្ដ្រាលី បានលើកឡើងទៀតថា ស្ដ្រីអាចជួបប្រទះឧបសគ្គនានា ចំពោះឱកាសនៅកន្លែងធ្វើការ ដែលឥរិយាបថ និងការអនុវត្ដមួយចំនួន អាចដាក់កំរិត ចំពោះលទ្ធភាព ក្នុងការទទួលបានតួនាទីជាន់ខ្ពស់ និងការបញ្ចេញសមត្ថភាពរបស់ពួកគេ ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃសមភាពយេនឌ័រ នៅកន្លែងធ្វើការ។
«ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ សម្រាប់បុរស និងស្ដ្រី ក្នុងការផ្ដល់ការគាំទ្រ និងលើកទឹកចិត្ត ដើម្បីឲ្យស្ដ្រីដឹងពីសក្ដានុពលរបស់ពួកគេ។ នេះគឺជាមាគ៌ា ដ៏សំខាន់ ឆ្ពោះទៅកាន់សមភាព និងការផ្ដល់សិទ្ធិអំណាចស្ដ្រី»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ប៉ាប្លូ ជីហូកាង ឯកអគ្គរាជទូតអូស្ដ្រាលី ប្រចាំកម្ពុជា។
បើតាមលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា គោលបំណងរួម នៃកម្មវិធី ការភ្ជាប់ស្ត្រី ទៅកាន់ពិភពកាលានុវត្តភាព ឆ្នាំ២០២០ គឺដើម្បីផ្សព្វផ្សាយចែករំលែក ព័ត៌មានបទពិសោធន៍គន្លឹះ ដូចជា នីតិវិធីក្នុងការប្រឡងយកអាហារូបករណ៍ទៅសិក្សា នៅប្រទេសអូស្ត្រាលី។
«ក្នុងន័យជំរុញ និងបង្កើនចំនួនស្ត្រីរាជការ ជាស្ត្រី ក្នុងការដាក់ពាក្យ និងទទួលបានអាហារូបករណ៍ឥតបង់ថ្លៃ ដើម្បីការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅអូស្ត្រាលី»។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី អ៊ឹង កន្ថាផាវី។
លោកស្រីរដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី បានលើកឡើងទៀតថា ទន្ទឹមនឹងនេះដែរ កម្មវិធីនេះ ក៏ជាវេទិកាមួយ ដែលជួយគាំទ្រ ដល់ការលើកកម្ពស់ សមភាពយេនឌ័រ ក្នុងវិស័យអប់រំ តាមរយៈការបង្កើតឱកាសដល់ស្ត្រី ក្នុងការទទួលបាន ការអប់រំកម្រិតខ្ពស់៕