(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានករណីដកកាំភ្លើងវាយប្លន់យកម៉ូតូមួគ្រឿង នៅជិតបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះគឺជាការប្រឌិតឡើងរបស់យុវជនម្នាក់ប៉ុណ្ណោះ ហើយនៅថ្ងៃនេះ សាមីខ្លួនបានចូលមកសារភាព និងសុំទោសសមត្ថកិច្ច នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ នូវអ្វីដែលខ្លួនបានកុហកសមត្ថកិច្ច។

ក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ច និងតាមការបកស្រាយបំភ្លឺ និងសារភាពរបស់ជនរងគ្រោះបានឲ្យដឹងថា មិនមែនជាករណីប្លន់នោះទេ គឺជាករណីចាញ់បោកមិត្តភ័ក្រ្ត ដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃើញយកត្រឡប់មកវិញ។ ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោស ពេលត្រឡប់ទៅផ្ទះវិញ ក៏ប្រឌិតរឿងប្រាប់គ្រួសារថា ខ្លួនត្រូវបានគេប្លន់យកម៉ូតូនៅម្តុំបុរីអង្គរភ្នំពេញ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាបណ្ដា Facebook Page សូមចូលរួមសិក្សាស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឲ្យមានការយល់ច្រឡំ ក៏ដូចជាបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ៕