(ភ្នំពេញ)៖ ក្រៅពីសណ្ឋាគារលំដាប់អន្តរជាតិផ្កាយប្រាំ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលនឹងបើកដំណើរការក្នុងឆ្នាំ២០២០នេះ និងសណ្ឋាគារផ្កាយបី ហ៊ែ្វរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដែលត្រៀមខ្លួនបម្រើភ្ញៀវជាតិ និងអន្តរជាតិនាពេលខាងមុខ ក្រុមហ៊ុន ជីប ម៉ុង ក៏កំពុងសម្លឹងមើលឱកាសវិនិយោគលើសណ្ឋាគារ និង អាផាតមិនលំដាប់ផ្កាយបួន យីហោអន្តរជាតិ ថ្មីមួយបន្ថែមទៀតផងដែរ។
លោក Simon Dell អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង កំពុងសិក្សាលើការវិនិយោគសណ្ឋាគារ និង អាផាតមិនលំដាប់ផ្កាយបួន យីហោអន្តរជាតិថ្មីមួយទៀត សម្រាប់បំពេញតម្រូវការភ្ញៀវជាតិ និង អន្តរជាតិដែលមានបំណងស្នាក់នៅរយៈពេលវែង។
លោក Simon បានបន្ថែមថា៖ «ក្រុមហ៊ុន ជីប ម៉ុង បានមើលឃើញនូវសក្តានុពល និងតម្រូវការនៃសណ្ឋាគារបែបប្រណិត តាមរយៈការកើនឡើងជាលំដាប់នៃធុរកិច្ចជន និងអ្នកទេសចរជុំវិញពិភពលោក ក៏ដូចជាការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជំរុញឲ្យក្រុមហ៊ុនចូលខ្លួនមកវិនិយោគយ៉ាងលឿនលើវិស័យមួយនេះ»។
បច្ចុប្បន្ន គម្រោងសណ្ឋាគារដែលនឹងត្រូវបញ្ចប់ដំបូងគេនោះគឺ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់សណ្ឋាគារហាយ៉ាត់មួយនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិទៅលើការរចនាដ៏ប្រណិត និងសេវាកម្មល្អឥតខ្ចោះ ហើយវត្តមានយីហោមួយនេះ ក៏មានឈ្មោះបោះសម្លេងនៅគ្រប់ទីក្រុងធំៗ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗនៅលើពិភពលោកផងដែរ។
លោក Simon Dell បានបញ្ជាក់ថា សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់នូវសេវាកម្មលំដាប់អន្តរជាតិដែលរួមមាន សេវាភោជនីយអាហារ ក្លឹបកំសាន្តក្រោមដី
សាលប្រជុំធំទូលាយដែលបំពាក់ដោយឧបរកណ៍ទំនើបៗ ស្ប៉ា និងស្កាយបារ ដែលអាចគយគន់ទេសភាពជុំវិញព្រះបរមរាជវាំង និងទន្លេមេគង្គផងដែរ៕