(មណ្ឌលគិរី)៖ ដើម្បីរក្សាការពារធនធានធម្មជាតិ ជាពិសេស ដីសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃ សម្រាប់ការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវ:ចម្រុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានក្រើនរំលឹកដល់មន្រ្តីណាដែលយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ និងមិនទទួលខុសត្រូវលើករណីបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវប្រឈមចំពោះមុខច្បាប់។
លោកអភិបាលខេត្ត បានថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក នាយក និងនាយករងរដ្ឋបាលសាលាស្រុកកោះញែកចំនួន ០៥រូប ដែលប្រព្រឹត្តទៅនៅអគារសាលប្រជុំសាលាស្រុកកោះញែក នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការប្រកាសតែងតាំងអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុកកោះញែកនាពេលនេះ ដើម្បីបំពេញបន្ថែមនូវប្រអប់ដែលជាតម្រូវការរបស់រដ្ឋបាលស្រុក និងស្របតាមគោលការណ៍កំណែទម្រង គោលនយោបាយវិមជ្ឈកា និងសហមជ្ឈការបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។
លោក បានណែនាំ និងជំរុញដល់អភិបាលរងស្រុក នាយក និងនាយករងរដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មីនេះ និងមន្រ្តីក្រោមឱវាទ ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍន៍ក្នុងស្រុកកោះញែក ឱ្យមានការរីកចម្រើន។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរដ្ឋបាលស្រុកទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បន្តយកចិត្តទុកដាក់បំរើសេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋឱ្យមានតម្លាភាព គុណភាព និងទាន់ពេលវេលា និងត្រូវចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាប់បទល្មើសផ្សេងៗ ដូចជា ការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធ បញ្ហាគ្រឿងញៀន ជាពិសេស ត្រូវចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
លោក ពេជ្រ ពិចិត្រ អភិបាលរងស្រុកកោះញែក ដែលទើបប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត នឹងគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោរពអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ដើម្បីបំរើឱ្យប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីចម្រើន លើកកម្ពស់កិច្ចសហការ ឯកភាពផ្ទៃក្នុងរបស់ក្រុមប្រឹក្សា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា នៅពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក នាយក និងនាយករងរដ្ឋបាលសាលាស្រុកកោះញែកចំនួន ០៥រូប នាពេលនេះមានលោក ពេជ្រ ពិចិត្រ លោក ស្តើង ផល្លា ជាអភិបាលរងស្រុកថ្មី លោក អ៊ាង សាវុធ នាយករដ្ឋបាលសាលាស្រុក រួមទាំង លោក សែម សុធី និងលោកស្រី សារិន ស្រី តូច ឱ្យកាន់តំណែងជានាយករងរដ្ឋបាលសាលាស្រុកកោះញែកថ្មីផងដែ៕