(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៧ ដែលមានសិក្ខាកាមប្រមាណ២០០នាក់ចូលរួម លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា កិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។

ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនូវ ភូមិ-ឃុំ មានសុវត្ថិភាព ដែលផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមបណ្តាភូមិ-ឃុំ មិនឲ្យមានបទល្មើសកើតឡើង ខណៈកិច្ចការងារនេះ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា»។

លោកឧត្តមសេនីយឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ លោកថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ច ចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្ដិសុខឯកជន តួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទលោកគ្រូ ក៏ដូចជាក្រុមការងារ។

លោកបន្ថែមថា ក្នុងករណីបទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខក៏មានសិទ្ធិជួយជាកម្លាំងជំនួយ ក្នុងការជួយឃាត់ជនល្មើស ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់កាតតាមច្បាប់។ ហេតុនេះហើយ ដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយ សមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ និងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ ដល់វិស័យនេះ មានស្ថិរភាព និងការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមអំពាវនាវដល់បណ្តាគោលដៅទាំងអស់ ជាពិសេសគោលដៅ សំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ រម្មណីយ៍ដ្ឋាន កន្លែងសប្បាយភាព រោងចក្រ សហគ្រាស ដែលជួយសេវាសន្តិសុខឯកជន ត្រូវសួររកលិខិត អនុញ្ញាតច្បាប់បើកក្រុមហ៊ុន និងលិខិតចុះកិច្ចសន្យាជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានត្រឹមត្រូវ ហើយជាពិសេសត្រូវផ្តល់អាទិភាពដល់ ភ្នាក់ងារសន្តិសុខឯកជន ដែលទទួលបានការបំពាក់បំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននីតិសម្បទាពិតប្រាកដ ជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាព និងស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រឹមត្រូវ៕