(ពោធិ៍សាត់)៖ ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) នៅចំណុចផ្លូវជាតិលេខ៥ ឆ្លងកាត់កំណាត់ផ្លូវបេតុង និងផ្លូវរថភ្លើង ទៅតំបន់អភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានចាប់ផ្តើមតម្លើង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ បន្ទាប់ពីបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានទន្ទឹងរងចាំជិត១ខែ ដើម្បីសម្រួលការដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
បងប្អូនអាជីវករ បានឱ្យដឹងថា ពីមុនពួកគាត់គ្មានជម្រើស ក៏ចេញមកលក់ដូរពាសវាលពាសកាលតាមមាត់ផ្លូវ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ក្បែរនឹងផ្សារថ្មីពោធិ៍សាត់។ បច្ចុប្បន្នដោយបានការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងសុខសុវត្ថិភាព របស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកឧកញ៉ា ភួ ពុយ ប្រធានសមាគមស្រូវ និងជាប្រធាសភាពាណិជ្ជកម្ម ខេត្តបាត់ដំបងនោះ បានរៀបចំផ្លាស់ប្តូរទីតាំងថ្មី ឱ្យពួកគាត់ចូលមកលក់ដូរលក្ខណៈប្រមូលផ្តុំ មានសណ្តាប់ធ្នាប់ល្អ និងធំទូលាយ នៅក្នុងផ្សារភួពុយវិញម្តង។
ខណៈដែលតាំងអភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ទើបនឹងដាក់ឱ្យដំណើរការលក់បណ្ណោះអាសន្ន បានរយៈពេលជិត ២ខែហើយ ពោលគឺចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០មកម្ល៉េះ, បងប្អូនអាជីវករ និងគ្រួសារម៉ូតូឌុប ក៏ដូចជាប្រជាពលរដ្ឋរស់នៅជាប់តំបន់នោះ ក៏មានតម្រូវការបន្ថែមជាក់ស្តែងនូវភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ពីព្រោះនៅពេលធ្វើដំណើរទៅផ្សារនោះម្តងម្កាល ត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើគ្មានភ្លើងសញ្ញាចរាចរណ៍គ្រប់គ្រាន់។ ឆ្លើយតបនឹងតម្រូវការនេះ លោកឧកញ៉ា ភួ ពុយ ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាទិញភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ហើយដែលនឹងកំពុងតម្លើង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ទីតាំងអភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ត្រូវបានលោកឧកញ៉ា ភួ ពុយ សម្រេចផ្តល់ជូនអាជីវករលក់ដូរដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំ និងបានរៀបចំជាផ្នែកៗ រួមមានផ្សារបន្លែ ផ្សារសាច់ និងតូបលក់ដូរ...ប្រកបដោយផាសុខភាព និងធំទូលាយ៕