(កំពង់ឆ្នាំង)៖ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ ដែលរៀបចំឡើងដោយអង្គការ ចៃកា (JICA-CA) ដោយសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនហុងដា និងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូសរុបប្រមាណ ៣០០នាក់។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីមានមតិស្វាគមន៍របស់ប្រធាសមាគមន៍ នៃ អង្គការ(JICA-CA )និងតំណាងក្រសួង សាធារណការ និងដឹកជញ្ជូន ទៅកាន់អ្នកចូលរួមរួចមកលោក សេង ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងណែនាំអំពីសុវត្ថិភាពចរាចរណ៍ នឹងលើកយកមេរៀន បែបសង្ខេបអំពីច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ គុណសម្បត្តិ និងសារប្រយោជន៍ នៃការប្រើប្រាស់មួកសុវត្ថិភាព និងពន្យល់អំពីស្លាកសញ្ញាចរាចរណ៍ជូនដល់អ្នកចូលរួមនាឱកាសនោះដែរ។
បន្ទាប់មកក៏មានសំណួរចម្លើយ អំពីស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍មួយចំនួនពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសួរសំណួរទៅកាន់សិស្សានុសិស្ស ដែលឆ្លើយសំណួរត្រូវ ដើម្បីឈ្នះមួកចំនួន៧០ មួកពីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
ដោយឡែក ក្រុមហ៊ុនហុងដា ក៏បានបង្ហាញអំពីឥរិយាបថ នៃការបើកបរ និងការយល់ដឹងអំពីសុវត្ថិភាពក្នុងពេលបើកបរហើយក៏មានការរៀបចំ ល្បែងល្បងប្រាជ្ញាអំពីឥរិយាបថ នៃការបើកបរ និងយល់ដឹងអំពីសុវត្ថិភាព ក្នុងពេលបើកបរ និងបានធ្វើបទបង្ហាញជាក់ស្ដែងជូនអ្នកចូលរួមទស្សនាដើម្បីជាការយល់ដឹង នឹងបានសំណួរ និងចម្លើយ ដើម្បីឈ្នះមួកសុវត្ថិភាព ចំនួន២០មួក និងប្រេងម៉ាស៊ីន honda ជាច្រើនកេះពីក្រុមហ៊ុនហុងដា ដល់អ្នកដែលឆ្លើយសំនួរត្រូវ ដើម្បីជាការលើកទឹកចិត្ត។
លោក សេន ជាតិវុសុទ្ធ បានលើកឡើងថា យុទ្ធនាការនេះធ្វើគ្រប់២៥រាជធានី-ខេត្តដោយមានការអប់រំផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ តាមរយៈ កម្មវិធី Cambodia Driving Rule ដែលជាកម្មវិធីបង្កើតឡើងដោយក្រសួង។
នាឱកាសនោះដែរលោកបណ្ឌិត អៀង អូននី ប្រធានសមាគម JICA-CA បានឲ្យដឹងថា អង្គការ ចែការ (JICA-CA)របស់លោក គឺទើបតែបានចុះអនុវត្តក្នុងការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋតាមមូល ដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំងនេះ ជាលើកទីមួយ ដោយមានការរួមសហការជាមួយក្រុមហ៊ុនហុងដា និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចុះផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពរដ្ឋឲ្យមានការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយ នៃអត្រាគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះអត្រា នៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាល មកពីកត្តាច្រើនយ៉ាង កត្តាទីមួយគឺមកពីឥរិយាបថរបស់មនុស្ស ដូចជាគាត់មិនគោរពច្បាប់មិនគោរពស្លាកសញ្ញា មិនប្រកាន់ស្ដាំ និងពិសារគ្រឿង ស្រវឹងជាដើម ហើយភាគច្រើនគឺគ្រោះថ្នាក់នៅពេលយប់ កើតទៅលើអ្នកដែលមិនពាក់មួកសុវត្ថិភាព ស្របពេលដែលផ្លូវថ្នល់ភាគច្រើន កំពុងតែត្រូវបានធ្វើការសាងសង់ផងនោះ។
ដូច្នេះលោកក៏បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសការធ្វើដំណើរនៅពេលយប់សូមមេត្តាប្រយ័ត្នប្រយែងឲ្យបានខ្ពស់ ដោយសារតែបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជារបស់យើង ផ្លូវភាគច្រើនបាននិងកំពុងតែធ្វើការសាងសង់ថ្មីៗ ដូច្នេះស្របពេលកន្លែងមួយចំនួនមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ ក៏អាចបណ្ដាលឱ្យបងប្អូនយើងមានការគ្រោះថ្នាក់ ជាយថាហេតុផងដែរ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា ទាំងអ្នកធ្វើដំណើរ ក៏ដូចជាអ្នកសាងសង់ផ្លូវ ត្រូវតែដាក់ស្លាកសញ្ញា ឲ្យបានត្រឹមត្រូវទៅតាមការដ្ឋានសាងសង់នីមួយៗ ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៕