(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានទទួចដល់មន្ដ្រីពាក់ព័ន្ធ ត្រូវប្ដេជ្ញារួមគ្នា ក្នុងការចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដោយសារការទទូលទានភេសជ្ជៈផ្អែមលើសកម្រិត ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ពលរដ្ឋនៅតាមសហគមន៍។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងសិក្ខាសាលាស្តីពី ការកាត់បន្ថយការញុំាភេសជ្ជៈផ្អែម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោកស្រី កែវ សុខពិសី បានថ្លែងថា «នៅរាជធានីភ្នំពេញ ការទទួលទានភេសជ្ជៈផ្អែមកំពុងចោទជាបញ្ហា។ នៅឆ្នាំ២០១៣ ការអង្កេតតាមដានសាលារៀន របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ៥២% នៃយុវសិស្សរស់នៅទីក្រុង ញ៉ាំភេសជ្ជៈផ្អែម យ៉ាងតិច១កំប៉ុង ក្នុង១ថ្ងៃ និងលើសពី៦០% បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈផ្អែម ឬអាហារឆ្អិនស្រាប់ នៅពេលមើលទូរទស្សន៍ ឬលេងវីដេអូហ្គេម»។
កត្ដាទាំងអស់នេះហើយ ទើបមន្ដ្រីពាក់ព័ន្ធ ត្រូវប្ដេជ្ញាចិត្ដរួមគ្នា ធ្វើយ៉ាងណា ខិតខំផ្សព្វផ្សាយ តាមរយៈការបណ្ដុះបណ្ដាលនេះ និងចុះទៅអប់រំប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមមូលដ្ឋាន។ ប៉ុន្ដែ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋយើងផងដែរ រួមគ្នាកាត់បន្ថយទម្លាប់ការបរិភោគភេសជ្ជៈផ្នែកនេះ ឱ្យកាន់តែតិចៗកាន់តែប្រសើរ។
លោកស្រី កែវ សុខពិសី បានថ្លែងបន្ដថា ការបរិភោគភេសជ្ជៈផ្អែមលើសកម្រិត អាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺសរសៃឈាម ជំងឺបេះដូង អាចឲ្យគំាងបេះដូង ឲ្យស្លាប់មួយចំហៀងខ្លួន កើតជំងឺទឹកនោមផ្អែម ជំងឺកង់ស៊ែ (ជំងឺមហារីក) ដង្កូវស៊ីធ្មេញ និងជំងឺធាត់ ដែលកាលណាលើសគីឡូ នឹងអាចបណ្ដាលឱ្យមានជំងឺផ្សេងៗទៀត។
សាលារាជធានីភ្នំពេញ បានប្តេជ្ញាបន្តបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែមច្រើនលើសកម្រិត និងកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម នៅតាមសាលារៀនដោយពង្រឹងការអនុវត្តសេចកី្តណែនាំលេខ១៨អយក.សណន ចុះថ្ងៃទី២ ឧសភា ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ផលប៉ះពាល់សុខភាពដែលបណ្តាលមកពីការញុំាស្ករច្រើន កើតលើប្រជាជនកម្ពុជា អាយុ២៥ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ ប្រេវ៉ាឡង់ នៃអ្នកលើសទម្ងន់ ធាត់ កើនពី១៥,៤%ទៅ២១,៩% និងប្រេវ៉ាឡង់ នៃអ្នកមានជាតិស្ករលើសក្នុងឈាម កើនពី១,៤%ទៅ៩,៦%។
ដូច្នេះ សិក្ខាសាលានាថ្ងៃនេះ គឺដើម្បីអនុវត្តន៍នូវសេចកី្តណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអាជ្ញាធរពាក់ព័ន្ធ សាលារៀនចំនួន៤០ ទីតាំង (លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូបង្រៀន មាតា បិតាសិស្ស និងអ្នកលក់ចំណីអាហារក្នុងសាលារៀន) និងមន្រី្តសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយការលក់ និងញ៉ាំភេសជ្ជៈផ្អែមនៅក្នុងសាលារៀន៕