Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនចិនមួយ ប្រើគ្រឿងចក្រខ្នាតធំជាង ១០គ្រឿង ឈូសឆាយដីព្រៃស្រោងរាប់ហិកតា នៅចំណុចដៃអូឃ្លៀង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

28-02-2020 15:58

(ស្ទឹងត្រែង)៖ ក្រុមហ៊ុនក្រែនស៉ីភាគីខាងចិន បានប្រើគ្រឿងចក្រខ្នាតធំជាង ១០គ្រឿង មកធ្វើការវាយព្រៃឈូសឆាយដីព្រៃស្រោង រាប់សិបហិកតា នៅចំណុចដៃអូឃ្លៀងជាប់នឹងដីក្រុមហ៊ុន ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អស់រយៈពេល ជិតមួយខែកន្លងមកហើយ គឺបានចាប់ផ្ដើមឈូសឆាយ តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។

ពាក់ព័ន្ធករណីឈូសឆាយព្រៃស្រោង ដោយតំណាងក្រុមហ៊ុនចិននេះ, លោក លាង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រុមហ៊ុនអត់មានឈូសដីព្រៃទេ គឺក្រុមហ៊ុនឈូសស្មៅ និងដើមឈើនៅសល់មួយដើមៗតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃនេះផងដែរ លោក ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរស្វាយ ក៏បានបញ្ជាក់ផងដែរថា លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញ ចូលទៅធ្វើការហាមឃាត់ ករណីសឈូឆាយដីព្រៃស្រោងនេះ ហើយលោកក៏បានរាយការណ៍ ទៅលោកប្រធានមន្ទីរហើយ តាំងពីមុនមកម្ល៉េះ។

លោក មុល ពិសី តំណាងក្រុមហ៊ុនក្រែនស៉ី ភាគីខាងខ្មែរ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនបានដាក់ពាក្យទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំការឈូសឆាយដែរ ក្រសួងមិនទាន់ធ្លាក់មកដល់ផង ស្រាប់តែតំណាងក្រុមហ៊ុនភាគីខាងចិន អត់ទាន់យល់ច្បាប់ទើបបានឈូសឆាយ ចូលដីព្រៃស្រោងតែម្ដង។

ដោយឡែកលោក ដួង ពៅ អភិបាលរងខេត្ត ទទួលបន្ទុកការងារបរិស្ថាន បានបញ្ជាក់ប្រាប់ថា ដីទីតាំងកន្លែងនេះ ពីដើមជាដីក្រុមហ៊ុន ក្រែនស៉ី។ បច្ចុប្បន្ននេះ គឺជាដីការពាររបស់បរិស្ថាន កាត់ចេញមកពីដីក្រុមហ៊ុនយូរហើយ តែក្រុមហ៊ុនឈូសឆាយដែលអត់មានការសិក្សា ដោយល្មើសច្បាប់ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕