(ភ្នំពេញ)៖ «គោលការណ៍ណែនាំការអនុវត្តល្អជាសាកលអំពីសុខុមាលភាពកុមារ និងឧស្សាហកម្មទេសចរណ៍» ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅអង្គការមិត្តសំឡាញ់ ក្រោមអធិបតីលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីលោក Sebastien Marot នាយកប្រតិបត្តិអង្គការ ហ្វ្រេន្សអ៊ិនធឺណាសិនណល លោកស្រី ម៉ប សុម៉ាយ៉ា នាយកអង្គការមិត្តសំឡាញ់ លោកស្រី Lucia Soleti ប្រធានការពារសុវត្ថិភាពកុមាររបស់អង្គការយូនីសែហ្វ លោកស្រី Julie Fitzgerald នាយកក្រុមហ៊ុន G-Adventure និងផ្នែកពាក់ព័ន្ធជាច្រើនទៀត។
លោក Sebastien Marot នាយកប្រតិបត្តិអង្គការ ហ្រេន្សអ៊ីនធឺណាសិនណល បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ យើងបានបង្កើតក្រុមការងារសុវត្ថិភាពកុមារ ហើយបានធ្វើការងារជាច្រើនបន្តបន្ទាប់ ក្នុងកិច្ចការការពារសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ។
ដោយមានការគាំទ្រយ៉ាងសកម្មពីក្រសួងទេសចរណ៍ និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានាទាំងផ្នែករដ្ឋ និងឯកជន ព្រមទាំងអង្គការសង្គមស៊ីវិល ធាតុផ្សំជាច្រើន ត្រូវបានរួមបញ្ចូលគ្នា និងបង្កើតបានជាគោលការណ៍ណែនាំស្តីពីការអនុវត្តល្អជាសាកលអំពីសុខុមាលភាពកុមារ និងឧស្សាហកម្មទេសចរណ៍ ដែលជាធនធានដ៏មានតម្លៃមួយសម្រាប់ការពារ កុមារនៅក្នុងឧស្សាហកម្មទេសចរណ៍។
លោក ហោ សារុន បានបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជា គឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ គ្មានការលើកទឹកចិត្តទេសចរណ៍ផ្លូវភេទ និងប្រឆាំងដាច់ខាតចំពោះទេសចរណ៍ផ្លូវភេទលើកុមារ។
ក្រសួងទេសចរណ៍ រួមជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអវិជ្ជមាននានាដែលមានការប៉ះពាល់ដល់ សុវត្ថិភាពកុមារ។ គណៈកម្មាការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍តែងតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះជាប្រចាំ ជាពិសេសការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពកុមារ ការរៀបចំសិក្ខាសាលា ដែលមានការចូលរួមពីម្ចាស់ និងអ្នកគ្រប់គ្រង់អាជីវកម្ម និងសេវាកម្មទេសចរណ៍នានា និងការផលិតសម្ភារផ្សព្វផ្សាយផ្សេងៗទៀត។
លោកក៏បានបញ្ជាក់ថែមទៀតថា កម្ពុជាបច្ចុប្បន្នជាប្រទេសមួយដែលមិនមានជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី (ខូវីដ១៩)ទេ។ ក្រសួងទេសចរណ៍ដែលមានលោកបណ្ឌិត ថោង ខុន ជារដ្ឋមន្ត្រីបានខិតខំ ដាក់ចេញវិធានការឆ្លើយតបនានាដើម្បីទប់លំនឹងឧស្សាហកម្មទេសចរណ៍ និងធ្វើយ៉ាងណាធានាបានថា កម្ពុជានៅតែគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ ជាពិសេសធានាបានការគ្រប់គ្រងបញ្ហាជំងឺខូវីដ១៩ ប្រកបដោយភាពជឿជាក់។
គោលការណ៍ណែនាំការអនុវត្តល្អជាសាកលអំពីសុវត្ថិភាពកុមារ ដែលបានរៀបចំបង្កើតឡើងដោយអង្គការហ្រេន្ស អ៊ីនធឺណាសិនណលនេះ ពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសង្គមស៊ីវិល ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីការពារសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពាននានានៅក្នុងវិស័យទេសចរណ៍។
លោកក៏បានលើកទឹកចិត្តឲ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ អនុវត្តតាមគោលការណ៍ណែនាំនេះ ដែលមិនត្រឹមតែជួយការពារសុវត្ថិភាពកុមារប៉ុណ្ណោះទេ ថែមទាំងជួយការពារបុគ្គលិក និងដំណើរការអាជីវកម្មផងដែរ។
គួរបញ្ជាក់ថា គោលការណ៍ណែនាំការអនុវត្តល្អជាសាកលអំពីសុខុមាលភាពកុមារ និងឧស្សាហកម្មទេសចរណ៍ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយការពារសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍ជាគោលការណ៍ណែនាំសកលមួយ ហើយដែលបានប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅកម្ពុជា ព្រមទាំងនឹងធ្វើការប្រកាសផ្សព្វផ្សាយបន្ត នៅបណ្តាប្រទេសផ្សេងៗលើពិភពលោក តាមរយៈការរៀបពីក្រុមហ៊ុន G-Adventure ដែលមានដៃគូជាច្រើនក្នុងសកលលោក។
នៅក្នុងពិធីនេះដែរ ក៏មានកិច្ចពិភាក្សាទាក់ទងនឹងការចូលរួមរបស់អាជីវកម្មនានាក្នុងការកាត់បន្ថយហានិភ័យ ក្នុងវិស័យទេសចរណ៍ទៅលើកុមារ និងសហគមន៍ និងមានការចែករំលែកបទពិសោធន៍ ពីភ្នាក់ងារសុវត្ថិភាពកុមារផងដែរ៕