(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹង ដ៏ក្តុកក្តួលសែនរន្ធត់ នៃមរណភាព លោក ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាល ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី វ៉ាល់ ណុប ជាភរិយា និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់នេះនៅគេហដ្ឋាន នាស្រុកកំណើត។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានប្រគល់ជូនថវិការមួយចំនួនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមជួយសម្រួលកម្មវិធីបុណ្យផងដែរ។
លោកស្រី វ៉ាល់ ណុប និងក្រុមគ្រួសារ បានគោរពជូនដំណឹងដល់ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសពលោក ម្សាល់ លាស់ មេត្តាជ្រាប និងអញ្ជើញចូលរួម។
សូមជំរាបថា លោក ម្សាល់ លាស់ ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ នៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅគេហដ្ឋាន រាជធានីភ្នំពេញ។
សពបានបញ្ជូនទៅដល់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម នឹងបញ្ចុះសព នៅវេលាម៉ោង០៣រសៀល ថ្ងៃខែឆ្នាំដដែលនេះ នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕