(ព្រៃវែង)៖ ក្នុងបរមនាមសម្តេចព្រះអភិសេរីសុគន្ធាមសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, លោក ងួន ស្តេចភក្តី សកលវិទ្យាធិការរង បានដឹកនាំគណៈគ្រប់គ្រង សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតជាង ៥០០អង្គ/នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់តំបន់មួយចំនួននៅខេត្តព្រៃវែង រួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ, ទន្លេស្នេហ៍, តំបន់អភិរក្សសត្វព្រៃ ព្រមទាំងកម្មពិធី អប់រំសមាធិ និងបរិស្ថានក្នុងបរិវេណ វត្តសិរីសាគរ ហៅវត្ត ដួន ស្តើង។
លោក ងួន ស្តេចភក្តី បានឲ្យដឹងថា គោលបំណង នៃដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងយល់ដឹងអំពីប្រវត្តិសាស្ត្រការ អភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោរដ្ឋមន្រ្តី ក៏ដូចជា ការបង្ហាញពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ហើយអ្វីដែលសំខាន់នោះគឺសាមណនិស្សិត-និស្សិតទាំងអស់ បានសិក្សាស្រាវជ្រាវពីវប្បធម៌ អរិយធម៌ សម័យ នគរភ្នំ និងចំណេះដឹងថ្មីៗបន្ថែមទៀត។
លោក ងួន ស្តេចភក្តី បានបន្តថា ដំណើរទស្សកិច្ចសិក្សានេះទៀតសោត គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ការងារសង្គម សប្បុរសធម៌ និងផ្សព្វផ្សាយពីគោលដៅ តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងប្រទេសបង្ហាញឲ្យមានសាមគ្គីភាព ភាតរភាព ខ្មែរស្រលាញ់ខ្មែរ ឲ្យយុវជនទាំងអស់មានក្តីសង្ឃឹម មានស្នាមញញឹម មានភាពជឿជាក់លើខ្លួនឯង ដើម្បីជាធនធានដ៏ល្អសម្រាប់សង្គមជាតិ ហើយនៅក្នុងនោះ កម្មវិធីក៏មានការអប់រំ សមាធិ និងយុវជន តាមបែបព្រះពុទ្ធសាសនា ធ្វើយ៉ាងណាអោយយុវជនទាំងអស់មានការអប់រំផ្លូវចិត្តបានល្អ និងមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីក៏មានការធ្វើបទបង្ហាញពីគន្លឹះសំខាន់ៗ របស់អ្នកជំនាញរួមមានលោកស្រីបណ្ឌិត សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងបទបង្ហាញរបស់លោកសាស្ត្រាចារ្យមេធាវីបណ្ឌិត អ៊ាន សំអាត ផងដែរ៕