(ភ្នំពេញ)៖ លោកស្រី គឹម ស៉ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ចំនួនស្ដ្រីជាមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួង ស្ថាប័នរបស់រដ្ឋមានការកើនឡើង រហូតដល់៤១ភាគរយ ខណៈសិស្សស្រីដែលបានបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា ក៏មានការកើនឡើងដូចគ្នាផងដែរ ដល់៤៦.៦ភាគរយ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ដីពីវឌ្ឍន៍ភាព និងទិសដៅបន្ដរបស់ក្រសួងកិច្ចការនារី លោកស្រី គឹម ស៉ីផាត់ ក៏បានបញ្ជាក់ថា អត្រាចូលរួមកម្លាំងពលកម្មរបស់ស្ដ្រី នាពេលបច្ចុប្បន្ននេះ មាន៨០.១ភាគរយ ក្នុងនោះ ៦៥.១ភាគរយ នៃសហគ្រាស ខ្នាតមីក្រូតូច និងមធ្យមគ្រប់គ្រង និងដឹកនាំដោយស្ដ្រី។

តួលេខដែលបង្ហាញដោយលោកស្រី គឹម ស៉ីផាត់ បញ្ជាក់ថា សមាមាត្រស្ដ្រី ក្នុងវិស័យសាធារណៈ និងនយោបាយ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសចំនួនមន្ដ្រីរាជការ ជាស្ដ្រីបានកើនឡើង ហើយបច្ចុប្បន្នអភិបាលខេត្តម្នាក់ជាស្ដ្រី និងស្ដ្រីនៅក្នុងគណៈអភិបាលរាជធានី-ខេត្ត មានចំនួន២៦រូប, ស្ដ្រីជារដ្ឋលេខាធិការ ចំនួន៥៣រូប, ស្ដ្រីជាអភិបាលក្រុង ស្រុក ខណ្ឌ មាន៦រូប, ស្ដ្រីជាអភិបាលរងស្រុក ខណ្ឌ ចំនួន១៩៤រូប, ស្ដ្រីជាមេឃុំ ចៅសង្កាត់ ចំនួន១៣០រូប។

ដោយឡែក សមភាពរវាងក្មេងប្រុស និងក្មេងស្រី ក្នុងវិស័យអប់រំ ដែលកំពុងសិក្សាក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ និស្សិតជានារី បានសិក្សានៅកម្រិតឧត្តមសិក្សា មានការកើនឡើងដល់ ៤៦.៦ភាគរយ ក្នុងឆ្នាំ២០១៩-២០២០។ ក្នុងនោះសិស្សស្រី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A មានចំនួន២២៣រូប ស្មើនឹង៥០.៣៣ភាគរយ, សិស្សស្រី បានសិក្សានៅថ្នាក់បរិញ្ញាបត្រជានខ្ពស់ មាន២៣.៤ភាគរយ និងថ្នាក់បណ្ឌិត ៥.៩ភាគរយ ក្នុងឆ្នាំសិក្សា២០១៩-២០២០។

រដ្ឋលេខាធិការក្រសួងកិច្ចការនារីរូបនេះ បានអះអាងទៀតថា យោងតាមការវាយតម្លៃ លើការរីកចម្រើនលើការកាត់បន្ថយគម្លាតយេនឌ័ររបស់កម្ពុជា ដោយវេទិកាសេដ្ឋកិច្ចពិភពលោក នៅអំឡុង៤ឆ្នាំចុងក្រោយនេះ ការចូលរួមរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៩ កម្ពុជាស្ថិតក្នុងលំដាប់ទី២៥ ក្នុងចំណោមប្រទេសចំនួន១៥៣ ដោយមានការរីកចម្រើនខ្លាំង។

លោកស្រីបន្ថែមថា បណ្ដាញសហគ្រិនស្ដ្រីចំនួន២ បានបង្កើត និងកំពុងដំណើរការ ក្នុងការពង្រីកឱកាស និងអភិវឌ្ឍន៍សហគ្រាស និងមានសំឡេងនៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជន។ សហគ្រិនស្ដ្រីកម្ពុជា ចំនួន០៩រូប ទទួលបានពានរង្វាន់សហគ្រិនស្ដ្រីឆ្នើមអាស៊ាន ឆ្នាំ២០១៩ ក្នុងចំណោម៨៧នាក់ នៅតាមបណ្ដាប្រទេសអាស៊ានទាំង១០។

ជាមួយគ្នានេះ លោកស្រី ស ស៉ីណេត អគ្គនាយករង នៃក្រសួងកិច្ចការនារី ក៏បានលើកឡើងអំពីកិច្ចការពារស្ដ្រី នៅចំពោះមុខច្បាប់ ដោយមានភាពស្មើគ្នាជាមួយបុរស ហើយក្រសួងត្រៀមលក្ខណៈជានិច្ចដើម្បីជួយសង្គ្រោះស្ដ្រី នៅពេលមានបញ្ហាណាមួយ ពិសេសពាក់ព័ន្ធជាមួយច្បាប់ឯកពន្ធភាព។

ត្រង់ចំណុចនេះ លោកស្រី ស ស៉ីណេត បានក្រើនរំលឹកដល់ស្ដ្រី ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ ត្រូវនាំស្វាមីរបស់ខ្លួនទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៉ីវិល) ដើម្បីបញ្ជាក់ពីភាពច្បាប់របស់ខ្លួនរវាងប្ដី និងប្រពន្ធ។ លោកស្រីបញ្ជាក់ថា បើទោះបីរៀបការធំ ឬតូចយ៉ាងណាក្ដី តែប្រសិនបើមិនមានសំបុត្រអាពាហ៍ពិពាហ៍ ក៏មិនមានភាពត្រឹមត្រូវចំពោះមុខច្បាប់នោះដែរ៕