(ភ្នំពេញ)៖ ម្ចាស់អាជីវកម្ម ទាំងតូច ទាំងធំ មួយចំនួនបានងាកមកផ្ដោតការវិនិយោគច្រើនឡើងៗ ទៅលើការរចនាតុបតែងផ្នែកខាងក្នុងអគារ ដោយពួកគេចាត់ទុកថា សោភ័ណភាព និងផាសុកភាព គឺជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជន។

នេះបើតាមការបញ្ជារបស់ ម្ចាស់អាជីវកម្មលេចធ្លោមួយចំនួន នៅរាជធានីភ្នំពេញ ដោយសព្វថ្ងៃគេឃើញមាននិន្នាការកើនឡើង ក្នុងការស្វែងរកសេវារចនាតុបតែងអគារ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ការតុបតែង និងកែលម្អអាជីវកម្មនានា។

លោក ឆៃយ៉ាន ណាក់វាំង តំណាងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានឲ្យដឹងថា មន្ទីរពេទ្យរបស់លោកបានសម្រេចប្រើសេវារចនាឌីហ្សាញរបស់ក្រុមហ៊ុន ដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីរចនាតុបតែងផ្នែកព្យាបាលថែទាំជំងឺកុមាររបស់មន្ទីរពេទ្យ។

លោក ឆៃយ៉ាន ណាក់វាំង បាននិយាយដូច្នេះថា «យើងចង់បានបន្ទប់សម្រាប់ក្មេងៗ ស្នាក់នៅព្យាបាលហ្នឹង ធ្វើម៉េចឲ្យក្មេងៗ មានអារម្មណ៍ថាដូចបន្ទប់គេង របស់ពួកគេដែរ, បន្ទាប់មក ខាង SCG interior solution យកគំនិតហ្នឹងទៅ design ចេញជាប្លង់ ហើយលទ្ធផលចេញមក គឺគួរជាទីពេញចិត្តមែនទែន»

ដោយមើលឃើញឱកាសពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ដ៏រឹងមាំ នៅក្នុងប្រទេសនេះ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ដ៏ធំមួយរបស់ថៃ ក្រុមហ៊ុន SCG បានបង្កើតធុរកិច្ចថ្មីបន្ថែម គឺ SCG Interior Solution ដើម្បីបំពេញតម្រូវការដែលកើនឡើង របស់អតិថិជនបច្ចុប្បន្ន។

SCG Interior Solution ចង់ផ្ដល់ដល់ម្ចាស់លំនៅដ្ឋាន និងគម្រោងសំណង់អគារ នូវដំណោះស្រាយផ្នែករចនាតុបតែងខាងក្នុងដែលសមស្របតាមតម្រូវការ ពីដំណាក់ដំបូងនៃសំណង់តែម្ដង៕