(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់រថយន្ដដឹកជញ្ជូនសំរាម សំណង់រឹងខ្នាតតូច ជូនដល់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការងារថែទាំបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ។

ពិធីប្រគល់រថយន្ដដឹកជញ្ជូនសំរាម សំណង់រឹងខ្នាតតូចធ្វើឡើងនៅទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ការប្រគល់រថយន្ដដឹកជញ្ជូនសំរាម សំណង់រឹងខ្នាតតូចជូនក្រសួងបរិស្ថាននេះ គឺជាការរួមចំណែករបស់ក្រុមហ៊ុន ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតប្រឹងប្រែងធ្វើឱ្យសោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលតែងតែគិតគូរ និងរួមចំណែកដល់វិស័យបរិស្ថានយ៉ាងច្រើន ដូចជាការវិនិយោគលើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាដែលបំលែងកាលសំណល់ទៅជាថាមពលប្រើប្រាស់ឡើងវិញ ប្រព័ន្ធចម្រោះទឹកកខ្វក់ កម្មវិធីដាំដើមឈើ១០០០០ដើមជារៀងរាល់ឆ្នាំ រថយន្តសម្អាតផ្លូវចំនួន៤គ្រឿង ដែលកំពុងប្រតិបត្តិការទូទាំងប្រទេស ព្រមទាំងកម្មវិធីជាច្រើនទៀត៕