(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសឲ្យរៀបចំការប្រឡងជ្រើសរើសបេក្ខជន ជាសិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅក្របខ័ណ្ឌមន្ដ្រីរាជការស៉ីវិល សម្រាប់ឆ្នាំ២០២០ ចំនួន៤០នាក់ ដើម្បីឲ្យទៅបម្រើការងារ នៅអង្គភាពនានាចំណុះទីស្ដីការក្រសួងមហាផ្ទៃ។
តាមសេចក្ដីប្រកាសព័ត៌មានបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បង្ហាញថា ក្រសួងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន១៤នាក់, ក្របខ័ណ្ឌមន្ដ្រីក្រមការ ចំនួន១៧នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន០៩នាក់។
បេក្ខជនត្រូវយកពាក្យសុំចុះឈ្មោះចូលប្រឡង និងត្រូវដាក់ពាក្យប្រឡង នៅនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគារ V ក្រសួងមហាផ្ទៃ។ កាលបរិច្ឆេទទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ខណៈការប្រឡងនឹងធ្វើឡើងនៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០៕