(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាពក្នុងការជំរុញ «ការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ រវាងកម្ពុជា-ថៃ និង កម្ពុជា-វៀតណាម» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការជំរុញការដឹក-ជញ្ជូនឆ្លងកាត់ព្រំដែន, ការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ ជាមួយប្រទេសជាប់ព្រំដែន ជាពិសេស ថៃ និងវៀតណាម គឺជាកិច្ចការបន្ទាន់ និងចំពោះមុខរបស់កម្ពុជា។ ជាក់ស្តែង, ក្រោយពីការសាងសង់ស្ពានត្សឺបាសា (អ្នកលឿង) រួមមក, ទំហំការដឹកជញ្ជូន និងចរាចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ បានកើនឡើងហួសពីការរំពឹងទុក ស្របពេលដែលផ្លូវឆ្លងកាត់ព្រំដែនមានតែមួយខ្សែ និងតូចចង្អៀតដែលមិនអនុញ្ញាត ឱ្យមានការបែងចែកតាមប្រភេទចរាចរណ៍ ឬមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ បានប្រកបដោយប្រសិទ្ធភាព ។ ច្រកទ្វារព្រំដែននេះ ក៏រងសម្ពាធពីល្បឿននៃការអភិវឌ្ឍយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្រដៀងគ្នាដែរ, ស្ថានភាពនៃការកកស្ទះនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ក៏មានសភាពធ្ងន់ធ្ងរផងដែរ ខណៈច្រកទ្វារអន្តរជាតិថ្មី ស្ទឹងបត់-បានណងអៀន នៅមិនទាន់អាចដាក់ឱ្យដំណើរការបាន ។
ក្នុងបរិក្ខារនេះ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចង្អុលបង្ហាញនូវវិធានការចំពោះមុខ រយៈពេលមធ្យម និងវែង ក្នុងនោះ៖
* សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ៖ ១.ជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទឹកដី កម្ពុជា ជាពិសេស ផ្លូវតភ្ជាប់ច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឱ្យមានការបែងចែក តាមប្រភេទចរាចរណ៍ ឬប្រភេទមធ្យោបាយដឹកជញ្ជូន, ២. បន្តសហការជិតស្និទ្ធជាមួយសមភាគីវៀតណាម ក្នុងការបន្ស៊ីគ្នារវាងបទដ្ឋានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងពេលវេលាសាងសង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្ត, ៣. បន្ត ផ្តោតលើផែនការរយៈពេលវែង ជាពិសេស ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហេដ្ឋា-រចនាសម្ព័ន្ធនៅច្រកទ្វារអន្តរជាតិថ្មី រាប់ទាំងការសាងសង់តំបន់ត្រួតពិនិត្យរួម (Common Control Area-CCA), និង ៤. ជាមួយគ្នានេះ, គិតគូរលើការសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន ដោយបង្កើនប្រសិទ្ធភាពការងារតាមរយៈការបន្ស៊ីនីតិវិធីគយជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងភាគីវៀតណាម ជាពិសេសជំរុញការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ ។
* សម្រាប់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ, កិច្ចការបន្ទាន់ចំពោះមុខគឺ៖ ១. ស្វែងរកការឯកភាពជាមួយភាគីថៃ ក្នុងការដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្ននូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរឹងមាំឱ្យបានឆាប់ និង ២. បង្កើនប្រសិទ្ធភាពនៃការអនុវត្តនីតិវិធី បញ្ចេញទំនិញឆ្លងកាត់ព្រំដែន តាមរយៈការបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងស្រុក និងភាគីថៃ ។
ក្នុងស្មារតីនេះ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួនាទីសំខាន់ក្នុងការសម្របសម្រួល ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងស្រុក ព្រមទាំងភាគីថៃ និងវៀតណាមក្នុងការអនុវត្តវិធានការទាំងនោះប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការរិះរកដំណោះស្រាយ និងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការឆ្លងកាត់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព៕