(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ បានបញ្ឈប់អ្នកបើកបររថយន្ដម្នាក់ ក្រោយប្រព្រឹត្តទង្វើមិនសមរម្យ ដោយឈប់រថយន្ដនៅតាមផ្លូវ ហើយចុះនោមដាក់កង់ឡាន ហើយត្រូវបានគេថតចែកចាយក្នុងបណ្ដាញសង្គម Facebook។ រដ្ឋាករស្វយ័តចាត់ទុកថា ទង្វើរបស់អ្នកបើកបររថយន្ដ ធ្វើប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា បុគ្គលិកដែលត្រូវបានបញ្ឈប់នេះ ឈ្មោះ ចេង ចិត្រា បើករថយន្ដក្រុងផ្លាកលេខរដ្ឋ 3-0197 បានចុះបន្ទោបង់ទឹកនោម ដាក់កង់រថយន្ដនៅចំណុចប្រសព្វផ្លូវ១៣០ កែងមហាវិថិព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ បានអះអាងថា លោក ចេង ចិត្រា ត្រូវបានចាត់វិធានការបញ្ឈប់ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះ ពោលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ។

យ៉ាងណាក៏ដោយ ចំពោះវិធានការនេះត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចាត់ទុកថា ហាក់ធ្ងន់ធ្ងរពេកហើយ ដោយពួកគាត់ចង់ឲ្យ ប្រធានអង្គភាព រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ ត្រឹមដាក់ពិន័យរដ្ឋបាល ឬធ្វើការអប់រំណែនាំ គឺគ្រប់គ្រាន់ហើយ។

មហាជនបានអះអាងថា ទង្វើខុសឆ្គងមួយពេលរបស់លោក ចេង ចិត្រា ដែលចុះនោមដាក់កង់រថយន្ដនៅតាមផ្លូវក្នុងរាជធានីភ្នំពេញនេះ ដូចជាមិនធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវបញ្ឈប់នោះទេ។ ពួកគាត់ថា ការសម្រេចចិត្តបែបនេះ អ្វីដែលជាផលប៉ះពាល់នោះ មិនត្រឹមតែបុគ្គលលោក ចេង ចិត្រា នោះឡើយពោលក្រុមគ្រួសាររបស់គាត់ទាំងមូលតែម្ដង។

អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានលើកជាឧទាហរណ៍ថា ប្រសិនបើគាត់ជាបង្គោលគ្រួសារ ហើយត្រូវទទួលបន្ទុកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ចុះនៅពេលដដែលអង្គភាពបញ្ឈប់គាត់ភ្លាមៗ តើក្រុមគ្រួសារគាត់ទៅជាយ៉ាងណា? ដូច្នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ នឹងពិនិត្យករណីនេះឡើងវិញ ដោយត្រឹមធ្វើការអប់រំណែនាំជាការគ្រប់គ្រាន់ហើយ។

សម្រាប់ការចេញលិខិតបញ្ឈប់នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺបន្ថែមពី ប្រធានអង្គភាព រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕