(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោកនេះមានជម្លោះផ្នែកសាសនាច្រើនណាស់ ដូច្នេះការគ្រប់គ្រងរដ្ឋមួយ ទាមទារឲ្យមានការធ្វើសុខដុមនីយកម្មលើផ្នែកសាសនា គឺជារឿងសំខាន់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ហើយពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេច ព្រះតេជគុណ ព្រះសង្ឈគ្រប់ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទ្ធអាចឃើញហើយថា នៅលើពិភពលោកនេះ ជម្លោះសាសនាមានច្រើនណាស់ រហូតដល់ការវាយប្រហារគ្នាជាភេរវកម្មទៀតផង។ ឧទាហរណ៍ ការវាយភេរវកម្មនៅណូវេលហ្សេឡង់ គឺជាការវាយភេរវកម្ម ចំពោះសាសនា ចំពោះវិហារឥស្លាមនៅទីនោះ។ បន្ទាប់ទៅ គឺសងសឹងមកស្រីលង្កាវិញ គេថាឥស្លាមសងសឹកជាមួយគ្រិស្តសាសនាម្តង គឺបញ្ហាធំណាស់»

សម្តេចមានប្រសាសន៍បន្តថា «អញ្ចឹងការគ្រប់គ្របរដ្ឋមួយ ទាមទារឲ្យយើងធ្វើសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដែលនេះជាបញ្ហាដ៏ធំ ហើយវានឹងក្លាយទៅជាការបែកបាក់ជាតិ»

បើតាមប្រសាសន៍នាយករដ្ឋមន្ត្រីនៃកម្ពុជា សព្វថ្ងៃនេះនៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះ និងសាសនា កំពុងកើតឡើង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា មិនមានជម្លោះសាសនាកើតឡើងនោះទេ។ សម្តេចថែមទាំងបានសង្កេតឃើញថា គ្រាន់តែនៅក្នុងក្របខណ្ឌព្រះពុទ្ធសាសនារបស់យើង និកាយទាំងពីរ ត្រូវបានរួមរស់ជាមួយគ្នា ដោយសុខដុមនីយកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា គ្រប់សាសនានៅកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំង ដែលជាការបង្ហាញឲ្យឃើញថា ជីវភាពប្រជាពុទ្ធបរិស័ទក៏មានធូរធាផងដែរ៕