(សៀមរាប)៖ ដោយមានការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប សាលមហោស្រពអាណាចក្រអង្គរ (Angkor Dynasty) ដែលជាមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍ នៅខេត្តសៀមរាប នៃព្រះរាជាណាកច្រកម្ពុជា បានរៀបចំសម្តែងសិល្បៈសប្បុរសធម៌ ដើម្បីកៀរគររកមូលនិធិបានជាង ៥ម៉ឺន ២ពាន់ដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋចិន នៅទីក្រុងវូហាន ខេត្តហឺប៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលកំពុងប្រឈមនឹងជំងឺឆ្លង COVID-19។
សម្រាប់កម្មវិធីបិទការសម្លែងសិល្បៈ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី, លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី, លោក លីវ ស៊ីជាង អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប, លោក ចូវ សៀវហេង អគ្គនាយក នៃសាលមហោស្រព អាណាចក្រអង្គរ និងលោកស្រី និងព្រះវត្តមានពីព្រះសង្ឃ, វត្តមានប្រធាន តំណាងមន្ទីរ អង្គភាព ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរអប្សរា, គ្រួសារសហភាពសហព័ន្ធយុវជនខេត្តសៀមរាប (ស.ស.យ.ក), សាខាកាកបាទក្រហមខេត្តសៀមរាប, ប្រតិបត្តិករទេសចរណ៍, ភ្ញៀវជាតិ-អន្តរជាតិផងដែរ។
លោក ចូវ សៀវហេង បានថ្លែងថា ដោយសារនៅដើមឆ្នាំ២០២០នេះ នៅទូទាំងពិភពលោក ពិសេសគឺនៅប្រទេសចិន បាននិងកំពុងតែប្រឈមទៅនឹងជំងឺឆ្លង COVID-19 ដែលបានផ្ទុះចេញពីទី ក្រុងវូហាន ខេត្តហឺប៉ី ទើបខាងមហោស្រពអាណាចក្រអង្គរ បានរៀបចំការសម្ដែងសិល្បៈសប្បុរសធម៌នេះឡើង គឺនៅថ្ងៃទី២២-២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យចំនួន ៦កន្លែង នៅទីក្រុងវ៉ូហាន។
លោក លីវ ស៊ីជាង បានលើកឡើងថា ជំងឺប្រព័ន្ធផ្លូវដង្ហើមដោយវីរុសថ្មី ដែលមិនធ្លាប់មានពីមុនមក បានលេបត្របាក់ និងរាលដាលលើទឹកដីចិន។ ទន្ទឹមនឹងការប្រឈម នៃការផ្ទះឡើងនៃជំងឺ ដ៏សាហាវនេះ ប្រជាជនចិនទាំងមូលបានរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ បច្ចុប្បន្ន ជំងឺបានឋិតនៅក្រោមការគ្រប់គ្រង ហើយកំពុងមានភាពល្អប្រសើរឡើងវិញ ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកអគ្គលេខាធិការបក្ស ស៊ី ជិនពីង យើងជឿជាក់ និងប្រាកដថា វានឹងអាចទទួលបានជោគជ័យទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោកបន្តថា ពាក្យសាមញ្ញពោលថា ក្នុងគ្រាលំបាកបានស្គាល់ចិត្ត ស្គាល់ថ្លើមពិតប្រាកដ។ ក្រោយមានការផ្ទះឡើងនៃជំងឺនេះ នៅប្រទេសចិន ប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការងារប្រឆាំង នឹងការរាលដាល់នៅប្រទេសចិន។ លោកមានជំនឿថា ការលំបាកនេះគ្រាន់តែជាការលំបាកបណ្ដោះអាសន្ន ភាពងងឹតនឹងរលាយបាត់ទៅ ទីបំផុតពន្លឺព្រះអាទិត្យមុខជានឹងមកដល់។ ដ៏រាបណាយើងធ្វើការជាមួយគ្នា យើងនឹងអាចពុះពារឧបសគ្គគ្រប់យ៉ាង និងទទួលជ័យជំនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។
ជាក់ស្ដែងថ្ងៃនេះ យើងបានទទួលការគាំទ្រ និងឆ្លើយតបពីសំណាក់ស្ថាប័ននិងសហគ្រាស ទាំងនៅក្នុង និងក្រៅស្រុក បានថវិកានិងសម្ភារដែលមានតម្លៃប្រមាណ ២០ម៉ឺនលុយយ័នចិន។ ហើយថវិកាប្រមូលបានសរុប ៥២.៥០១ដុល្លារពីសប្បុរជន ភ្ញៀវជាតិ-អន្តរជាតិ ពីរដ្ឋបាលខេត្តសៀមរាប, សាខាកាកបាទក្រហមខេត្ត, ស.ស.យ.ក ខេត្ត, ក្នុងនោះប្រមូលម៉ាស់បាន១ពាន់ អាកុលសម្លាប់មេរោគ ៣៥០គីឡូក្រាម។
លោកសង្កេតឃើញថា ប៉ុន្មានថ្ងៃនៃកម្មវិធីសម្ដែងសិល្បៈ មានប្រជាជនកម្ពុជា ជាច្រើននាក់បានតម្រង់ជួរគ្នា ដើម្បីធ្វើការបរិច្ចាគ។ ទិដ្ឋភាពទាំងនេះ ធ្វើឱ្យយើងរំជួលចិត្តយ៉ាងខ្លាំង។ យើងដឹងថា ពួកគាត់មិនមែនជាអ្នកមានទេ តែមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ មានតម្លៃណាស់ ពីព្រោះនេះជាអារម្មណ៍ពិតនៃការរួមសុខរួមទុក្ខ របស់ប្រជាជននៃប្រទេសទាំងពីរ។ នៅពេលណាដែលភាគីម្ខាង ទៀតមានការលំបាក យើងតែងតែចេញមុខជួយគ្នាទៅវិញទៅមក។ នេះបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវចំណងមិត្តភាពចិន-កម្ពុជា។
លោក ទៀ សីហា បានចាត់ទុកថា ជំងឺ Covid-19 ជាវិបត្តិសុខភាពដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងបានធ្វើឱ្យប៉ះពាល់ដល់ជីវិតមនុស្ស និងសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍ ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។ ថ្វីត្បិតតែជំងឺនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ ប៉ុន្តែវាមិនអាចធ្វើឱ្យ ប៉ះពាល់ដល់ចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ជាពិសេសប្រជាជនខេត្តសៀមរាប និងប្រជាជនក្រុងវូហាន បានឡើយ។
លោកបន្តថា «ដើម្បីរួមចំណែកជួយឧបត្ថម្ភមន្ទីរពេទ្យនានានៅទីក្រុងវូហាន ទោះបីជាមានចំនួនតិចតួចយ៉ាងណាក្តី តែនេះគឺជាសន្តានចិត្តប្រកបដោយសេចក្តីមេត្តាករុណា ចេះជួយយកអសារគ្នា នៅពេល មានអាសន្នអន្ធក្រ ដែលជាទឹកចិត្តដ៏ប្រពៃរបស់ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្អូនៗនិសិ្សត ភ្ញៀវជាតិ អន្តរជាតិទាំងអស់»។ ដូច្នេះ ដើម្បីចូលរួមចំណែកដោះស្រាយទុក្ខលំបាកដល់ ប្រជាជនក្រុងវូហាន យើងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ-អន្តរជាតិ ក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់សកម្មភាពមនុស្សធម៌។
កន្លងមក រដ្ឋបាលខេត្តសៀមរាប បានផ្តល់ម៉ាសការពារ ចំនួនជាង ១២ម៉ឺនម៉ាស ជូនដល់ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព ក្នុងនោះ៖ ខេត្តយូណាន, ក្រុងណានជីង, ក្រុងឆុងឈីង និងក្រុងលីសួយ។ ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប បានប្រកាសផ្តល់ម៉ាសចំនួន ៣០ម៉ឺន និងសំលៀកបំពាក់ការពារការឆ្លងជំងឺ Covid-19 ជូនដល់ក្រសួងការពារជាតិចិនផងដែរ៕