(ភ្នំពេញ)៖ ពិព័រណ៍ការសិក្សា និងអាហារូបករណ៍អូស្ត្រាលី ដែលរៀបចំដោយស្ថាប័ន IDP Education ដែលជាស្ថាប័នឈានមុខលើពិភពលោក ក្នុងការបញ្ជូន សិស្ស និស្សិត ទៅសិក្សានៅបរទេស គឺជាវេទិកាដ៏ធំប្រចាំឆ្នាំ ដែលផ្តល់ឱកាសដល់សិស្ស និស្សិត និងអាណាព្យាបាលក្នុងប្រទេសកម្ពុជាបានជួបផ្ទាល់ជាមួយតំណាងស្ថាប័នអប់រំល្បីៗមកពីប្រទេសអូស្រ្តាលី ដើម្បីពិភាក្សាអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការចំណាយលើការសិក្សា និងការរស់នៅ ដំណើរការសុំទិដ្ឋាការ និងអាហារូបករណ៍ផ្សេងៗ។
ការចូលរួមពិព័រណ៍ និងការទទួលជំនួយក្នុងការរៀបចំបែបបទចូលរៀនរបស់ស្ថាប័ន IDP Education នេះនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ។
ពិព័រណ៍ឆ្នាំនេះនឹងនាំមកកាន់ប្រទេសកម្ពុជានូវស្ថាប័នសិក្សាអូស្ត្រាលីចំនួន ៥៣ស្ថាប័ន ដើម្បីដាក់បង្ហាញនូវជម្រើសសិក្សា និងអាហារូបករណ៍ ចាប់ពីកម្រិតវិទ្យាល័យ កម្រិតអប់រំវិជ្ជាជីវៈ រហូតដល់កម្រិតមហាវិទ្យាល័យ។
ពិព័រណ៍នេះនឹងប្រារព្ធឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលអង្គរក្រុងសៀមរាប ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង២៖០០រសៀល។
បើតាមការបញ្ជាក់របស់ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជានៅក្នុងកម្មវិធីបើកសន្និសិទ CamTESOL កាលពីកន្លងទៅថ្មីៗនេះថា នឹងបើកសម្ពោធកម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍អូស្ត្រាលីនៅភ្នំពេញ។
លោកបានឲ្យដឹងទៀតថា Pablo Kang “សិស្ស និស្សិតកម្ពុជាកាន់តែច្រើនឡើងៗជ្រើសរើសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយខ្ញុំមានមោទនភាពណាស់ ដែលប្រទេសអូស្ត្រាលីនៅតែជាគោលដៅសិក្សាដ៏មានប្រជាប្រិយភាពសម្រាប់សិស្ស និស្សិតកម្ពុជា”។
នេះគឺដោយសារតែគុណភាពនៃវិស័យអប់រំកម្រិតពិភពលោក រួមទាំងទីក្រុងដ៏សម្បូរបែប ដែលមាន បរិយាកាសពោរពេញដោយភាពស្វាគមន៍យ៉ាងកក់ក្តៅ និងវប្បធម៌ចម្រុះ នៅក្នុងប្រទេសអូស្ត្រាលី។
លោក Pablo Kang ក៏បានបន្ថែមទៀតថា៖ “ខ្ញុំពិតជាមានភាពសោមនស្សរីករាយណាស់ដែលពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្ត្រាលី កាន់តែធំឡើងៗជារៀងរាល់ឆ្នាំ។
កម្មវិធីពិព័រណ៍ឆ្នាំនេះ នឹងប្រារព្ធឡើងជាលើកដំបូងផងដែរ នៅខេត្តសៀមរាប ហើយលោក Luke Arnold ដែលជាអនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នឹងទៅបើកកម្មវិធីនៅទីនោះ។ ការរីកលូតលាស់នៃពិព័រណ៍នេះឆ្លុះបញ្ចាំងអោយឃើញពីកំណើននៃតម្រូវការការអប់រំនៅប្រទេសអូស្ត្រាលីរបស់សិស្ស និស្សិតកម្ពុជា”។
តំណាងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមាននៅពិព័រណ៍ ដើម្បីផ្តល់ព័ត៌មាន និងការណែនាំអំពីការសិក្សាភាសាអង់គ្លេស សម្រាប់សិស្ស និស្សិតត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំនានានៅប្រទេសអូស្ត្រាលីផងដែរ។
ក្រុមការងារមណ្ឌលប្រលង IELTS ប្រចាំកម្ពុជា ក៏នឹងចូលរួមផ្តល់ប្រឹក្សាពីការចុះឈ្មោះ និងការរៀនត្រៀមប្រលង IELTS ដែលជាតេស្តវាស់សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានទទួលស្គាល់ដោយស្ថាប័នអប់រំជុំវិញពិភពលោក។ អ្នកចូលរួមកម្មវិធីទាំងអស់ក៏នឹងមានឱកាសធ្វើតេស្ត IELTS សាកល្បងតាមប្រព័ន្ធកុំព្យូទ័រ (CDI) ដោយឥតគិតថ្លៃផងដែរ។
សម្រាប់ការចូលរួម និងព័ត៌មានបន្ថែមពីការសិក្សានៅបរទេសដោយឥតគិតថ្លៃ៖ expo.idpevent.org/aus ឫ ០៧៧ ៦៦៧ ១២២៕