(ភ្នំពេញ)៖ លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល បានទទូចដល់ក្រុមហ៊ុននាំចូល និងចែកចាយផលិតសម្រាប់ចិញ្ចឹមកុមារ និងទារក ត្រូវគោរពតាមខ្លឹមសារអនុក្រឹត្យលេខ ១៣៣ អនក្រ.បក របស់ក្រសួងសុខាភិបាល ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
លោកឱសថការី អាំង ហុកស្រ៊ុន បានថ្លែងបន្ដថា គោលបំណងដើម្បីរួមចំណែកផ្ដល់នូវអាហារូបត្ថម្ភឱ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ តាមរយៈការគំាពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ និងជំរុញលើកទឹកចិត្ដ ឱ្យមានការផ្ដល់អាហារឱ្យបានត្រឹមត្រូវ និងស្របតាមអាយុកំណត់របស់ទារក និងកុមារ។
ជាងនេះទៅទៀត ដើម្បីធានាឱ្យបានការប្រើប្រាស់សមស្រប នូវផលិតផលជំនួសដោយទឹកដោះម្ដាយ តែនៅពេលណាដែលចាំបាច់ និងដោយមិនមានមូលដ្ឋានច្បាស់លាស់ ។
ក្រៅពីនោះ ប្រភេទនៃផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដបដំបៅ ក្បាលដោះជ័រ និងគ្រឿងសម្រាប់ទារកជញ្ជក់លេងផ្សេងៗគឺត្រូវតែមានការស្ដង់ដារ តាមការណែនាំរបស់ក្រសួង។
ការថ្លែងបែបនេះរបស់ លោក ឱសថការី អាំង ហុកស្រ៊ុន ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រឹងការអនុវត្ដតាមខ្លឹមសារអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលធ្វើឡើងនៅខេត្ដកំពង់ចាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមពី៥ខេត្ដផ្សេងៗគ្នា។
លោកថ្លែងបន្ដថា «វគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីផ្ដល់ជាអត្ថប្រយោជន៍នៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ យល់ដឹងពីគុណវិបត្ដិដែលចិញ្ចឹមកូនដោយទឹកគោម្សៅ និងចេះប្រើប្រាស់តារាងវិនិច្ឆ័យពេលចុះទៅត្រួតពិនិត្យ តើការផ្សព្វផ្សាយរបៀបណា ដែលរំលោភទៅការផ្សព្វផ្សាយទៅខ្លឹមសារអនុក្រឹក្យ និងរបៀបធ្វើរបាយការណ៍ជាដើម»។
ក្នុងឱកាសនោះ លោក ឱសថការី អាំង ហុកស្រ៊ុន ក៏បានថ្លែងជំរុញដល់គ្រូពេទ្យទូទាំងប្រទេស ត្រូវតែពន្យល់ណែនាំបន្ថែមទៀត ដល់មាតា អាណាព្យាបាល ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្ដាយមួយគត់ ក្រោមសម្រាលរួមភ្លាមៗ។ លើសពីនោះសុខភាពកូន កាន់តែរឹងមាំ បើម្ដាយគ្រប់រូប បំបៅកូនដោយទឹកដោះតែមួយមុខគត់ បន្ទាប់ពីសម្រាលរួច រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើស៕