(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងវេទិការសាធារណ:ចុងក្រោយទី១០ ក្នុងស្រុកជើងព្រៃ ដើម្បីពិនិត្យតាមដានការងារ នៅមូលដ្ឋាន បញ្ហាជីវភាព សេចក្តីសុខ ចម្រើន ទុក្ខលំបាក សេចក្តីត្រូវការ និងចូលរួមគិតគូរដោះស្រាយ ជូនពលរដ្ឋជាបណ្តើរៗតាមលទ្ធភាព ពេលវេលា និងធនធានធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានដែលលោកទទួលបន្ទុកឱ្យមាន ការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ពិធីនេះបានរៀបចំក្នុងវត្តឈូក ភូមិឈូក ឃុំគោករវាង ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ តាជី យាយជី និងប្រជាពលរដ្ឋប្រមាណ៥០០នាក់។
ឆ្លៀតយកឱកាសដែលបានមកជួបជុំបងប្អូនប្រជាពលនាពេលនេះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រី និងសម្តេចវិបុលសេនាភក្តី សម្តេចបានផ្ញើជូននូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខ គិតគូរខ្វល់ខ្វាយ អំពីបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលាបើទោះ បីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរពស្រឡាញ់ និងក្តីបារម្ភគ្រប់បែប យ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងជាពិសេសនៅស្រុកជើងព្រៃ ឃុំគោករវាងគ្រប់ពេលវេលា ហើយសម្តេចបានជូនពរឱ្យបងប្អូន ប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
លោក វេង សាខុន បានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងទេសចរណ៍ និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករខ្ឋមន្រ្តី កាលពីថ្ងៃទី២៤ ខែកុម្ភ: កន្លងមកនេះ ស្តីពីសភាព ការណ៍ចុងក្រោយនៃបញ្ហា EBA និងជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) នៅទូទាំងពិភពលោក។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិ តរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងជាពិសេសឈរយ៉ាងរឹងមាំ ក្នុងនាមជាប្រទេសមានអធិបតេយ្យភាព និងបូរណភាពទឹកដី បើទោះបីយើងបាត់បង់ EBA ២០% ក៏ដោយ។
លោកបន្ថែមថា សម្រាប់រយ:ពេលខ្លី រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗពីរ គឺ៖ ទី១- វិស័យទេសចរណ៍ រាជរដ្ឋាភិបាលមិនយកពន្ធពីសណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាប សម្រាប់រយ:ពេល ០៤ខែ និងទី២- ជួយឧបត្ថម្ភដល់កម្មករ ដែលគ្មានការងារធ្វើរយ:ពេល ០៦ខែ ដោយសាររោងចក្រខ្វះវត្ថុធាតុដើមផលិត។ សម្រាប់រយ:ពេលវែង យើងត្រូវបន្តជំរុញការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ដែលយើងកំពុងធ្វើនាពេលនេះ ក្នុងទិសដៅជំរុញ និងពន្លឿនការអភិវឌ្ឍន៍ លើគ្រប់វិស័យជាជំហានៗ ដើម្បីរក្សាមីក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាព និងនិរន្តរភាព រួចឈានជាជំហានៗឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោក វេង សាខុន បានលើកឡើងថា ពិតណាស់គ្មានសុខសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ហេតុនេះលោកប្រធានបានសំណូមពរឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ (អរគុណសន្តិភាព) និងសូមចូលរួមថែរក្សាភូមិ ឃុំយើងឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ គ្មាន អំពើហឹង្សា ក្នុងគ្រួសារ ក្នុងសង្គម ស្រីស្រា ល្បែងស៊ីសង និងគ្រឿងញាណ។ បើទោះបី យើងមិនទាន់មានករណីជំងឺ COVID-19 ក្តី ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាព ដោយត្រូវធ្វើអនាម័យផ្ទាល់ខ្លួនជាប់ជាប្រចាំ ពិសេសក្មេងៗ និងមនុស្សចាស់។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងលើកសំណើជាច្រើនជូន លោកប្រធានដោះស្រាយ ជាពិសេស ការជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ ធ្វើរបងសាលា ចាក់ដីស និងចាក់បេតុងក្នុងទីធ្លាសាលារៀន។ល។ ក្នុងនាមជាប្រធាមក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងសហការី បានទទួលយកសំណើមកដោះស្រាយជូនប្រជាពលរដ្ឋនៅហ្នឹងកន្លែងអស់ថវិកា សរុបចំនួន១៧លានរៀល ក្នុងន័យជួយសម្រាលទុក្ខលំបាក សម្រាប់ជីវភាពប្រចាំថ្ងៃ និងបន្តធ្វើការអភិវឌ្ឍន៍មូលដ្ឋានតាមការចាំបាច់។ ដោយឡែកសមាជិក សមាជិកាបានមកចូលរួមចំនួនជាង៤០០នាក់ នាព្រឹកនេះម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕