(ភ្នំពេញ)៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧.៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស ព្រមទាំងការអនុញ្ញាត ឲ្យជនបរទេសបណ្តាក់ទុន១០០% លើគ្រប់វិស័យ ដោយពុំមានការតម្រូវឲ្យមានភាគហ៊ុន របស់អ្នកវិនិយោគក្នុងស្រុក គឺជាការបើកទូលាយបំផុតរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ធ្វើឲ្យវិនិយោគិនបរទេស ចូលមកបណ្តាក់ទុនយ៉ាងភ្លូកទឹកភ្លូកដី។ ជាការកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នា ទាំងចំនួនគម្រោង ទាំងទុនវិនិយោគផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងវិស័យវិនិយោគ កម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។
បើតាមអ្នកជំនាញ សន្តិភាពកំពុងអំណោយផល ដល់ការបណ្តាក់ទុនវិនិយោគ។ ស្របគ្នានេះដែរ វិស័យខុនដូទំនើប បែបស៉ីវីល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងមានហាងឆេងខ្ពស់ ឬនិយាយដោយសាមញ្ញថា ត្រូវប៉ាន់យ៉ាងខ្លាំង ដោយសារកម្ពុជាយើងសម្បូរអ្នកមកវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ចយើងមានការរីកចម្រើន និងប្រជាជនមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់ចង់បានការស្នាក់នៅកម្រិតខ្ពស់។
លោក សាំង សុភក្រ័្តរ៉ាឌី ប្រធានផ្នែកលក់ ឌឹផ្លរ៉ាស៊ូត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីផ្សារខុនដូនៅកម្ពុជាយើងនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដោយសារមានការវិនិយោគមកពីក្រៅប្រទេស មានអង្គការ មានអ្នកធ្វើការងារផ្សេង ដែលពួកគាត់ត្រូវការលំនៅស្ថាន ពោលសេដ្ឋកិច្ចកាន់តែរីកចម្រើន ទីផ្សារកាន់តែរីកចម្រើន ហើយកម្រិតជីវភាពប្រជាជនយើងបច្ចុប្បន្នមានការកើនឡើង និងភាពស៉ីវិល័យប្រជាជនយើងក៏កើនឡើង អញ្ចឹងគាត់ចង់បានខុនដូទំនើប ស៉ីវីល័យ ទាន់សម័យ។ ដូច្នេះហើយ ទើបយើងសាងសង់ខុនដូកម្រិតផ្កាយ៥នេះឡើង»។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្មែរក្នុងស្រុកដ៏ធំមួយ បានប្រារព្ធពិធីក្រុងពាលី សុំម្ចាសទឹកដី បើកដំណើរការសាងសង់ ជាផ្លូវការ គម្រោងសំណងដុនដូរលំដាប់ផ្កាយ៥ ឌឺផ្លរ៉ាស្វីត (The Flora Suites) ទៅតាមប្រពៃណីសាសនា។ ពិធីនេះ ធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់ លោកឧកញ៉ា លឹម ចាំងស៊្រុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឌឺផ្លរ៉ា និងលោកស្រី ព្រមទាំងបុគ្គលិកថ្នាក់ដឹកនាំ នៃក្រុមហ៊ុនឌឺផ្លរ៉ា ក៏ដូចអតិថិជន វីអាយភី ជាច្រើនទៀត៕