(ឡាវ)៖ លោក ជា វ៉ាន់ដេត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ និងជាប្រធានគណៈកម្មការទី៣រដ្ឋសភានៃកម្ពុជា អមដំណើរដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទ្បាវ និងលោក សាយថុង កែវឌួងឌី (Saythong Keodouangdee) ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាទ្បាវ បានប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានក្រុមមិត្តភាព នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងភាគីទំាងពីរ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភាទ្បាវ នៅទីក្រុងវៀងចន្ធ័ ខណៈដែលលោក ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសទ្បាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសយើងទាំងពីរកម្ពុជា-ទ្បាវ ដែលមានចំណងការទូតតាំងពីឆ្នាំ១៩៥៦មក។
លោកប្រធានគណៈប្រតិភូក្រុមមិត្តភាព មានមោទនភាពរីករាយបំផុត ដោយសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ បានកំពុងពូនជ្រុំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចរីភាព និងដើម្បីសន្តិភាព ស្ថេរភាពក្នុងតំបន់ និងពិភពលោក។
លោកបានបន្តទៀតថា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃក្រុមមិត្តភាពរដ្ឋសភានៃប្រទេសទាំងពីរ នឹងនាំមកនូវវឌ្ឍនភាព នៃការរឹតចំណងសាមគ្គីភាព រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសយើងទាំងពីរបន្ថែមទៀត។ ជាក់ស្តែងថ្មីៗនេះ លោក ប៊ុនញ្ញុំង វូរ៉ាជីក ជាប្រធានរដ្ឋ បានអញ្ជើញទៅទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
លោក ជា វ៉ាន់ដេត មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្ស ដែលមានលោក ប៊ុន ញ្ញុំង វូរ៉ាជីក ជាប្រធានរដ្ឋ លោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្រ្តី និងលោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភាទ្បាវ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសរីកចម្រើនជឿនលឿន ប្រជាជនមានសិទ្ធិស្វ័យសម្រេច នូវជោគវាសនាប្រទេសជាតិដោយខ្លួនឯង។
លោក សាយថង កែវឌួងឌី បានអបអរសាទរចំពោះជោគជ័យ នៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប កាលពីខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។
លោកប្រធានក្រុមមិត្តភាពសភាទ្បាវ ក៏បានស្នើដល់ភាគីកម្ពុជា ថែរក្សា និងជំរុញ និងផ្សព្វផ្សាយពីទំនាក់ទំនង ជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អ នៃប្រទេសទាំងពីរ ដល់យុវជនជំនាន់ក្រោយឲ្យបានទូលំទូលាយផងដែរ។
លោក សាយថង កែវឌួងឌី បានបន្តទៀតថា កាលពីពេលថ្មីៗនេះ លោកក៏បានដឹកនាំគណៈប្រតិភូសភាទ្បាវ មកធ្វើទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០១៩កន្លងទៅនេះដែរ ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា លោកបានចូលជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងពិភាក្សាការងារជាមួយកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មកានីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជាផងដែរ។
លោក ជា វ៉ាន់ដេត បានកោតសរសើរចំពោះរដ្ឋសភាទ្បាវ និងរាជរដ្ឋាភិបាលទ្បាវ ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្នុងសុខសន្តិភាព និងជីវភាពសមរម្យ។ ចំពោះទំនាក់ទំនងប្រទេសទាំងពីរ ពិសេសទំនាក់ទំនងរដ្ឋសភាកម្ពុជា និងទ្បាវនោះ លោកប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា កម្ពុជា និងទ្បាវ មានសាមគ្គីភាពជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏យូរលង់មកហើយ។
ក្នុងជំនួបសវនាការនោះដែរ លោក ជា វ៉ាន់ដេត ប្រធានគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ទ្បាវ និងលោក សាយថង កែវឌួងឌី ប្រធានក្រុមមិត្តភាពសភាទ្បាវ-កម្ពុជា បានចុះហត្តលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការគ្នា ស្តីពីការផ្តល់អាហារូបករណ៍ពីភាគីកម្ពុជា ដល់រដ្ឋសភាទ្បាវចំនួន១០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរដ្ឋសភា ដែលមានបំណងទៅសិក្សានៅកម្ពុជា ក្នុងនោះមាន សាកលវិទ្យាល៏យអាមេរិកកាំងភ្នំពេញ (AUPP) ចំនួន៥កន្លែង សម្រាប់កម្រិតបរិញ្ញាបត្រ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន៥កន្លែង សម្រាប់កម្រិតបណ្ឌិត១កន្លែង និងបរិញ្ញាបត្រជាន់ខ្ពស់៤កន្លែង៕