(កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៤ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរ សួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងកោតសរសើរចំពោះសមាគម ដែលប្រឹងប្រែង អភិវឌ្ឍខ្លួនឱ្យរីកចម្រើនជាលំដាប់ ជាពិសេស ផ្តល់ការថែទាំ ផ្តល់អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀនយ៉ាងទៀងទាត់ បង្ហាត់បង្រៀនកុមារឱ្យមានវិន័យ មានទម្លាប់រស់នៅល្អ និងមានសុជីវធម៌ ព្រមទាំងស្វះស្វែង ចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។
លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗចៅៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវចៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ហើយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យពូកែ ដើម្បីអនាគតរុងរឿង ក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ឆ្នើមរបស់សង្គមជាតិ។
ទន្ទឹមនឹងនេះ កុមារ និងបុគ្គលិកទាំងអស់ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ដល់កុមារកំព្រា ជាបន្តបន្ទាប់ ។ កុមារទាំងអស់បានថ្លែងព្រមៗគ្នាដោយក្តីរំភើបថា «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានោះ ប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ លោក ប៉េន សុផល បានសម្ដែងការក្ដីរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការយកចិត្ដទុកដាក់ជាបន្ដបន្ទាប់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌របស់កូនចៅកម្ពុជា ជានិច្ចកាល អ្នកម្ដាយតែងតែគិតគូរ ដោះស្រាយ និងសម្រាលទុក្ខលំបាករបស់កូនចៅគ្រប់ៗរូប ដោយមិនទុកកូនណាម្នាក់ចោលនោះទេ។
ជាក់ស្ដែង «នេះជាលើកទី៤ហើយ គិតចាប់ពីសមាគមនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ដែលអ្នកម្ដាយមនុស្សធម៌ បានចាត់តំណាង ចុះមកសួរសុខទុក្ខ ស្វែងយល់ពីការរស់នៅ និងភាពខ្វះខាត ដើម្បីផ្គត់ផ្គង់ទៅតាមតំរូវការចាំបាច់របស់កូនៗគ្រប់គ្នាប្រមាណជិត៥០នាក់ ក្នុងនោះក្មេងៗ៤០នាក់ ដែលសុទ្ធសឹងជាក្មេងកំព្រា ដោយសារឪពុកម្ដាយលែងលះគ្នា ទុកកូនចោល គ្មានអាហារ និងគ្មានជម្រករស់នៅ»។
លោកថ្លែងបន្ដថា ជាពិសេស នាពេលនេះ អ្នកម្ដាយមនុស្សធម៌ ក៏បានបន្ដនំាយកមកជាមួយ អង្ករ២តោន, មី៣០កេស, ត្រីខ៥០០កំប៉ុង, ទឹកត្រី២៤ដប, ទឹកស៊ីអ៊ីវ២៤ដប, ទឹកក្រូច ១០កេស, ទឹកសុទ្ធ១០កេស, សាប៊ូដុសខ្លួន-សាប៊ូកក់ សក់ និងថវិកា៥លានរៀលសម្រាប់សមាគម។ ដោយឡែក សម្រាប់កុមារ ទាំង៤០នាក់ ម្នាក់ៗទទួលបាន៖ ឃីតមួយ មានមុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា៥ម៉ឺនរៀល ។រីឯបុគ្គលិក៧នាក់ ម្នាក់ៗទទួលបាន៖ ឃីតមួយ មានមុង ភួយ សារុង ក្រមា អាវយឺត និងថវិកា១០ម៉ឺនរៀលផងដែរ៕