(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ CHEN CHEN ក្រោយតាមបង្ក្រាបអស់ពេលប្រមាណ ៣ខែ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើមធ្យោបាយតាមប្រព័ន្ធអនឡាញ ដើរបោកយកលុយពីអ្នកដទៃអស់ជាច្រើន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះប្ដឹងទៅលើឈ្មោះ CHEN CHEN ខាងលើនេះ ដែលបានទម្លាយឯកសារការសម្ងាត់របស់ក្រុមហ៊ុន (ក្រុមហ៊ុនរបស់ជនរងគ្រោះខាងលើ) និងប្រើប្រាស់អ៉ីមែលរបស់ក្រុមហ៊ុនបោកយកលុយជាច្រើនពីអ្នកដទៃ ដើម្បីបំបាត់ផលប្រយោជន៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានដីការបញ្ជាឱ្យចូលខ្លួនពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ CHEN CHEN អាយុ៣២ឆ្នាំ នៅចំណុចបុរីថៃឈុនគ្រី ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា នៅក្នុងថ្ងៃដដែលនោះ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបង្ក្រាបជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលឆបោកលុយអ្នកដទៃតាមបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) ផងដែរ៕