(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្មីៗនេះបានចេញលិខិតមួយ អំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook និង Telegram។
ក្រសួងសេដ្ឋកិច្ច បានអះអាងថាខ្លួន បានពិនិត្យលើបណ្ដាញសង្គម Facebook និង Telegram រៀងរាល់ថ្ងៃ ឃើញមានការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍអចលនទ្រព្យ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) ដែលគ្មានអាជ្ញាប័ណ្ណ។ យោងតាមប្រកាសលេខ០៨៩សហវ.ប្រក ចុះថ្ងៃ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ៦៣៦ សហវ.ប្រក ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីដែលធ្វើការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានអាជ្ញាប័ណ្ណ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជន ដែលមានបំណងចង់ទិញអចលនវត្ថុ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយត្រូវពិនិត្យនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា: អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន/អគារសហកម្មសិទ្ធិ/ដីឡូត៍ (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងឯកសារបង់ពន្ធអចលនវត្ថុជាដើម៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចស្តីពីការអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៖