(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករងអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជាប្រធានក្រុមការងារចុះជួយឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងថា គុណតម្លៃសន្តិភាពបាននាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងរបស់លោក ចៅ ភិរិទ្ធ បែបនេះនៅក្នុងពិធីសំណេះសំណាលប្រគល់គ្រឿងបរិក្ខាពេទ្យ ឡានសង្រ្គោះបន្ទាន់ កង់ និងសម្ភារសិក្សា ជូនដល់មណ្ឌលសុខភាពកម្ពុជា-កូរ៉េ ( ROTARY CLUB ) និងប្រគល់សម្ភារសិក្សា ជូនដល់សិស្សានុសិស្សក្រីក្រឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមកិច្ចសហការ និងជំនួយរបស់ រ៉ូតារីក្លឹប ( ROTARY CLUB ) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ២៣០នាក់។
លោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ បានបន្ថែមថា អគុណតម្លៃនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ រួមទាំងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ចៅ ភារិទ្ធ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ជំនួយរបស់ប្រទេសកូរ៉េ រ៉ូតារីក្លឹប ( ROTARY CLUB ) ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្តផ្តល់នូវអគារ មណ្ឌលសុខភាពកម្ពុជា-កូរ៉េ និងបានបរិច្ចាគទ្រពធនសម្ភារ បរិក្ខា រួមមាន រថយន្តសង្គ្រោះជាដើម ដូចអ្វីដែលយើងបានឃើញ នៅពេលពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ។
លោកបានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ តាមរយៈការបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីចូលរួមអនុវត្តន៍គោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ។
ជាក់ស្តែងអំណោយរថយន្តសង្គ្រោះថ្ងៃនេះ គឺជាសាក្ខីភាព មិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ដែលដែលផ្តើមពីការកៀគគិតគូរពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល របស់ប្រជាជន នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ នៅទូទាំងឃុំឈើទាល ស្រុកស្វាយជ្រំ ឲ្យបានទាន់ពេលវេលា៕