(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងផ្តាំផ្ញើដល់សិក្ខាកាមជាមន្ត្រីកាកបាទក្រហមមកពី ៧ខេត្តផ្សេងគ្នា ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវប្រកាន់ខ្លួនជាអ្នកមនុស្សធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយ មិនលំអៀង អព្យាក្រឹត ធ្វើដោយស្ម័គ្រចិត្ត និងត្រូវបំពេញឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការកាកបាទក្រហមខេត្តត្បូងឃ្មុំ ក្នុងពិធីបិទវគ្គសិក្ខាសាលាតម្រង់ទឹសស្តីពីនីតិវិធីរដ្ឋបាល ហិរញ្ញកិច្ច ពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ ដល់មន្រ្តីសាខាកាកបាទក្រហមចំនួន០៧ខេត្ត រួមមាន៖ ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តមណ្ឌលគីរី, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីអនុសាខាក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ។ សិក្ខាសាលានេះធ្វើឡើងក្រោមជំនួយគាំទ្រថវិកា របស់កាកបាទក្រហមហ្វាំងឡង់ និងថវិកាបដិភាគ ២០% របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងកោតសសើរនូវកិច្ចការងារមនុស្សដែលសិក្ខាកាមទាំងអស់០៧ខេត្ត អនុវត្តន៍បាននាពេលកន្លងមក និងថ្លែងអំណរគុណ កោតសរសើរចំពោះ កាកបាទក្រហមហ្វាំងឡង់ តាមរយ:កាកបាទក្រហមកម្ពុជា ទោះបីគម្រោងរយៈពេល ៣ឆ្នាំរបស់ខ្លួនបានបញ្ចប់ទៅហើយក្តី តែនៅបានផ្តល់ជំនួយរយៈពេល ៤ខែបន្ថែមទៀត ជាពិសេសជំនួយក្នុងការពង្រឹងសមត្ថភាពសាខា ក្នុងការរៀបចំវគ្គសិក្ខាសាលាតម្រង់ទឹសស្តីពីនីតិវិធីរដ្ឋបាល ហិរញ្ញកិច្ច ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ក្នុងរយ:ពេល ០៣ថ្ងៃនេះទទួលបានលទ្ធផលល្អប្រសើរ។
លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនចំណេះដឹង និងសមត្តភាពដល់មន្ត្រីក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុក ជាពិសេសក្រុមមន្ត្រីប្រតិបត្តិត្រូវបំពេញតួនាទីភារកិច្ចមនុស្សធម៌ជួយដល់ជនរងគ្រោះ តាមវិស័យស្នូលទាំង៤ និងគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមអន្តរជាតិ ប្រកបដោយគណនេយ្យភាព និងតម្លាភាព៕