(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានដាក់ចេញនូវចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជាលើកទី២ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ ជាលទ្ធផល ជ័យលាភីបង្គន់សាធារណៈឆ្នើមចំនួន៩៩ ត្រូវបានប្រកាសលទ្ធផល និងចែកជូន ក្នុងកម្មវិធីសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
ជ័យលាភីទទួលបានស្នាមញញឹម៣ មានចំនួន៣៩ ស្នាមញញឹម២ មានចំនួន៥១ និងស្នាមញញឹម១ មានចំនួន៩ ដែលផ្តល់ដល់ទីតាំងអាជីវកម្ម (សណ្ឋាគារ និងសេវាស្នាក់នៅមាន ១២ទីតាំង សួនច្បារ សាធារណមាន ១៤ទីតាំង ស្ថានីយប្រេងឥន្ធនៈមាន ២៥ទីតាំង ផ្សារទំនើបមាន ០៤ទីតាំង ភោជនីយដ្ឋាន និង អាហារដ្ឋានមាន ៣៩ទីតាំង មណ្ឌលកំសាន្ដ និងរមណីយដ្ឋានមាន ០៥ទីតាំង)។
សូមបញ្ជាក់ថា ការវាយតម្លៃគឺអនុវត្តតាមស្ដង់ដារង្វាន់បង្គន់សាធារណៈកម្ពុជា ដែលមានសូចនាករចំនួន០៧ បែងចែកជា៤៣លក្ខណៈវិនិច្ឆ័យ៖
* សូចនាករទី១៖ ទម្រង់ប្លង់ (Layout) មាន៥លក្ខណវិនិច្ឆ័យ
* សូចនាករទី២៖ បន្ទប់បង្គន់ មាន៦លក្ខណវិនិច្ឆ័យ
* សូចនាករទី៣៖ បង្គន់បុរស មាន៨លក្ខណវិនិច្ឆ័យ
* សូចនាករទី៤៖ វត្ថុធាតុដើមសម្រាប់ប្រើប្រាស់ មាន៣លក្ខណវិនិច្ឆ័យ
* សូចនាករទី៥៖ សំភារៈជួយសម្រួលដល់ការប្រើប្រាស់ មាន១១លក្ខណវិនិច្ឆ័យ
* សូចនាករទី៦៖ ការថែរក្សាអនាម័យ និងគិតគូរដល់បរិស្ថាន មាន៨លក្ខណវិនិច្ឆ័យ
* សូចនាករទី៧៖ គំនូស ឬស្លាកសញ្ញាបង្ហាញ មាន២លក្ខណវិនិច្ឆ័យ