(ពោធិ៍សាត់)៖ ទំនាស់ និងបញ្ហាប្រឈមចំនួន ៦៦ករណីផ្សេង រួមមាន៖ «ទំនាស់ដីធ្លី, ទំនាស់កេរត្តិ៍មរតក, ប្តឹងលែងលះប្តីប្រពន្ធ, ស្នើសុំដីសង្គមកិច្ច, រុះរើផ្ទះជាប់របងពេទ្យ, ជំពាក់ប្រាក់ និងប្តឹងសុំបើកផ្លូវ...។ល។ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ដោយជោគជ័យ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១៖៣៥នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងសាលាខេត្តពោធិ៍សាត់។ ការទទួលជួបសំណេះសំណាល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ គឺធ្វើឡើងទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍។

លោក ម៉ៅ ធនិន បានឱ្យដឹងថា បច្ចុប្បន្នលោកបាននឹងកំពុងបំពេញតួនាទីពីរគឺ៖ តួនាទីរដ្ឋបាល ដែលមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងតួនាទីជាសាច់ជាឈាមបងប្អូនប្រជាពលរដ្ឋ ទាំង៤៩ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់។

ជាង ៦ឆ្នាំមកនេះ ចាប់តាំងពីលោកបានមកដឹកនាំយន្តការក្នុងខេត្ត ព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់លោក គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ បញ្ហាប្រឈម ក៏ដូចទំនាស់ផ្សេងៗ ក៏ត្រូវបានលោកចុះផ្ទាល់ដល់ភូមិឃុំ ដើម្បីស្រាយបញ្ចប់ និងពិនិត្យសួរនាំជាក់ស្តែង ទៅគ្រប់អង្គហេតុដែលមាននៅក្នុងមូលដ្ឋានផ្ទាល់។ លោកបានលើកឡើងថា គ្មានរឿងអ្វីដែលត្រូវពិបាកដោះស្រាយនោះទេ ឱ្យតែយើងមានឆន្ទៈ និងមានឧត្តមគតិក្នុងការដោះស្រាយ ដើម្បីជាសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនយើង។

ជាការពិត! យើងដឹងហើយថា «ឈាមដែលយើងអារចេញមក គឺប្រាកដជាធ្លាក់ចុះមកយឺតជាងទឹកដែលចាក់មកព្រមគ្នា, ហើយជម្លោះ និងការបង្ហូរឈាមដាក់គ្នា ក៏ប្រាកដជាមានអ្នកចាំត្រងនោះដែរ។ កត្តាដែលសំខាន់ សូមបងប្អូនឯកភាព ចូលរួមបញ្ចប់ទំនាស់ទាំងអស់នោះ ព្រមៗគ្នា, ព្រោះបើនៅតែបន្ត គឺមានតែខាតបង់ពេលវេលា និងចំណាយធនធានផ្ទាល់ខ្លួន រហូតអស់ពីខោ ទាំងសង្ខាង»

ខាងក្រោមនេះ គឺជាការលើកឡើងរបស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលទទួលបានការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាក្តីកង្វល់មួយចំនួន ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។ ជាមួយគ្នានោះ ពួកគាត់បានសម្តែងអារម្មណ៍សប្បាយរីករាយ ចំពោះដំណោះស្រាយដ៏ល្អត្រឹមត្រូវ និងយុត្តិធម៌ ហើយពួកគាត់ក៏សូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលផ្តល់ជូនអភិបាលខេត្តដ៏ល្អ ចេះគិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់រាស្ត្រផងដែរ៕