(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើរឿងសំខាន់ពីរគឺ៖
*ទី១ ៖ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានថ្លែងសារពិសេសជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឲ្យបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា
*ទី២ ៖ ធ្វើពិធីសំណេះសំណាលប្រគល់អំណោយជូនដល់បងប្អូននាយទាហាន-នាយទាហានរង-ពលទាហាន ក្នុងអង្គភាពទាំងមូល ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ។
ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវការសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា ដូច្នេះដើម្បីជាការលើកទឹកចិត្ត ទើបលោក ឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាល នេះឡើងដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស, អាវយឺត០១ និងកញ្ចប់ នំពា ភេសជ្ជៈប៉ូវកម្លាំង ទឹកសុទ្ធ ០១ឈុត សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ញើជូនក្រុមគ្រួសារ ផងដែរ មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែ០៣ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹងរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល ចូលរួមសប្បាយមុនចូលឆ្នាំថ្មី មកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។
កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗ គ្នាបង្កើតបានជាក្តីរំភើប និងមនោសញ្ចេតនាស្និតស្នាល ដែលមិនអាចបំភ្លេចបាន៕