(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មានការលើកឡើងជាមតិយោបល់ថា គួរតែស្ដារ និងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ ខណៈចរន្តទេសចរទៅកាន់ខេត្តនេះ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ក្រៅពីនេះ អង្គសន្និបាតក៏បានលើកឡើង អំពីគំនិតផ្តួចផ្តើមធាតុចូលសំខាន់ៗមួយចំនួន ដើម្បីសម្រួលការធ្វើដំណើរ និងជំរុញលំហូរទេសចរ មកទស្សនាកម្ពុជា ក្នុងនោះរួមមាន៖

* ស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឲ្យនាវាទេសចរណ៍ អាចចូលកំពង់ផែបានតាមច្រកសមុទ្រនេះបន្ថែមទៀត ។

* គួរតែបន្ថយថ្លៃទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរមកតាមនាវាទេសចរណ៍សមុទ្រ ដែលចូលចតក្រោម២៤ម៉ោង និងការផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរ។

* គួរតែសម្រួលលំហូរទេសចរថៃ មកទស្សនាឲ្យដល់ខេត្តសៀមរាប ដោយប្រើបណ្ណព្រំដែន។

* ចំពោះការប្រើប្រាស់រថយន្តទេសចរណ៍ផ្ទាល់ខ្លួន ចូលមកទស្សនាកម្ពុជាស្របច្បាប់ គួរសម្រួល និងអនុញ្ញាតដោយមានការបិទសន្លឹកបណ្ណ សម្គាល់អត្តសញ្ញាណចូល-ចេញ (Sticker)។

* គួររៀបចំឲ្យមានភ្នាក់ងារជំនួយទេសចរ (Tourist Assistant) នៅតាមច្រកចូលព្រំដែនអន្តរជាតិ។ កិច្ចការនេះគួរត្រូវបានអនុវត្តដោយភ្នាក់ងារនគរបាលទេសចរណ៍។

* អង្គសន្និបាតបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជួយស្ថាបនាអគារ អ្នកដំណើរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕