(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជូនចោរចំនួន ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីកម្លាំងការិយាល័យតាមស្រាវជ្រាវ ឃាត់ខ្លួនពួកគេបាន និងដកហូតទាំងវត្ថុតាង តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធធ្វើសកម្មភាពលួចកាច់កញ្ចក់ រថយន្ដបានសម្រេច កាល៦ថ្ងៃមុន។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ គឺបានអនុវត្តឡើងនៅជំហានដំបូង គឺបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខ ស្ថិតនៅចំណុចផ្ទះសំណាក់មិនចាំយីហោមួយកន្លែងផ្ទះលេខ៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង១៨៖៤៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលជាបក្ខពួកភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរតាមជុំនាញ កម្លាំងការិយាល័យជំនាញ អាចមានតម្រុយខ្លះៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបក្ខពួកបន្ថែមម្នាក់ទៀត ជាមួយវត្ថុតាង ស្ថិតនៅលើកំណាត់ផ្លូវលេខ១៩៣ កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង២០៖៤៥នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងផងដែរថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព របស់ជនរងគ្រោះដែលនៅក្បែរនោះ គឺក្រុមជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពិតជាបានជិះ PassApp មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ដបានសម្រេចប្រាកដមែន ស្ថិតនៅមុខផ្ទះលេខ៨ ដេអឺអូ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេង នាវេលាម៉ោង១៨៖៤៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោកនាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងសកម្មភាពលួចកាច់កញ្ចក់រថយន្ដបានសម្រេចនេះឈ្មោះ អៃ ដារ៉ា ហៅរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកម្នាក់ទៀតឈ្មោះ មាស ធីចំរើន ហៅប៊ុណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។
ឯជនរងគ្រោះក្នុងអំពើចោរកម្មនេះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨ ដេអឺអូ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបបាលព្រហ្មទណ្ឌកំរិតស្រាលថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យទាំង២នាក់រួមមាន៖ មួកប៉ារេ ពណ៌កាហ្វេ ចំនួន០១, កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ស ដងឈើប្រវែង ១៩សង់ទីម៉ែត្រ កំពស់៩០ សង់ទីម៉ែត្រ ចំនួន០១, រឺម៉កកង់បី (PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា ពាក់ផ្លាកលេខ ភ្នំពេញ 1GY-5281 ចំនួន១គ្រឿង។ ដោយឡែក ចំពោះសម្ភារៈដែលជនរងគ្រោះបាត់បង់ គឺមានកញ្ចក់ចំហៀងខាងស្តាំ ចំនួន១ របស់រថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ៕