(ភ្នំពេញ)៖ នគរបាលខណ្ឌឫស្សីកែវ សម្រេចឃាត់ខ្លួនអ្នកបើកបរអេស្កាវ៉ាទ័រម្នាក់ បញ្ជូនឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរភ្លាមៗ បន្ទាប់ពីនារីជាបុគ្គលិកធនាគារ MB bank ម្នាក់ផ្សេងទៀត បានស្លាប់ដោយសារជិះម៉ូតូ ១គ្រឿង បណ្ដាលឲ្យរអិលដួលចូលក្រោមកង់អេស្កាវ៉ាទ័រ ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យនារីបុគ្គលិកធនាគារ MB bank ស្លាប់ម្នាក់យ៉ាងរន្ធត់ ដោយសារជិះម៉ូតូ១គ្រឿង ហើយរអិលដួលចូលក្រោមកង់អេស្កាវ៉ាទ័រនេះ បានកើតឡើង ស្ថិតនៅខាងមុខផ្សារងិនអាន (ហៅផ្សារទំនប់) តាមបណ្តោយផ្លូវ លេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូ ១គ្រឿង បណ្ដាលឲ្យរអិលដួលចូលខាងក្រោមកង់អេស្កាវ៉ាទ័រ និងជាបុគ្គលិកធនាគារ MB bank ត្រូវបានគេស្គាល់ថាមានឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅតាមបណ្ដោយផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ នារីរងគ្រោះជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខភ្នំពេញ1AF-6599។ ចំណែកអ្នកបើកបរអេស្កាវ៉ាទ័រឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិទូលចាន់ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
សាក្សីឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ដែលបើកដោយស្ត្រីរងគ្រោះម្នាក់ឯង និងអេស្កាវ៉ាទ័រ បានធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង ស្រាប់តែមកចំណុចកើតហេតុ និងក្នុងពេលនោះស្ថានភាពផ្លូវមានសភាពសើម ទើបបណ្ដាលឲ្យស្ត្រីរងគ្រោះភ្លាត់ស្នៀតរអិលដួលខ្ទៀតចូលទៅខាងក្រោមកង់ អេស្កាវ៉ាទ័រកំពុងធ្វើចរាចរ បណ្ដាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗតែម្ដង នៅកន្លែងកើតហេតុ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ដែលមិនគួរ និងកើតយ៉ាងរន្ធត់នេះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយការិយាល័យនគរបាលចរាចរផ្លូវគោក បានឈានទៅដល់ការឃាត់ខ្លួនអ្នកបើកបរ អេស្កាវ៉ាទ័រភ្លាមៗផងដែរ និងសម្រេចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ព្រមទាំងធ្វើការវាស់វែងតាមជុំនាញ ហើយយកអេស្កាវ៉ាទ័រ ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង គ្មានផ្លាកលេខ១គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ១គ្រឿងទៀត មករក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបន្តនិតិវិធី៕