(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជនជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងឱកាសនៃការតាំងពិព័រណ៍ «ដំណើរត្រាច់ចរសិល្បៈ» លើកទី២ នៅក្នុងឧទ្យានរបស់ស្ថានទូត។ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ស្ថានទូតបារាំង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សិល្បករល្បីៗចំនួន៩នាក់ ក្នុងនោះមានខ្មែរ៨នាក់ និងបារាំងម្នាក់ ត្រូវបានអញ្ជើញឱ្យបង្កើតស្នាដៃសិល្បៈ តាមការស្រមើស្រមៃរៀងៗខ្លួន ដើម្បីដាក់បង្ហាញជូនដល់មហាជន។ ជាមួយរុក្ខជាតិចម្រុះពណ៌ និងដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ ស្នាដៃសិល្បៈទាំងនោះ ដែលដាក់តាំងនៅតាមទីកន្លែងផ្សេងៗគ្នា ក្នុងឧទ្យានហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ។
ជាកន្លែងចងចាំនៃប្រវត្តិសាស្រ្តកម្ពុជា និងជាលំហបៃតងដ៏ធំជាងគេមួយ នៅរាជធានីភ្នំពេញ ដែលកំពុងអវិវឌ្ឍឥតឈប់ឈរ ឧទ្យានស្ថានទូតបារាំង តែងទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករនានា។ ជាក់ស្តែងក្នុងពិព័រណ៍ «ដំណើរត្រាច់ចរសិល្បៈ» ឆ្នាំ២០២០នេះ លោក អ៊ុក ជឹមវិចិត្រ, លោក ក្រេហ្កូរី ហ្គោសឡាំង, លោក រៀម មុនីស៊ីឡុង, លោក ម៉ក់ រ៉េមីស្សា, លោក លាង ស៊ីកន, លោកស្រី បណ្តូល, លោក មាស សុឃន, លោក ពេជ្រ សុភាព និងលោក ទិត្យ វាសនា នឹងដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់ខ្លួន ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់ព្រឹត្តការណ៍នេះ ហើយមានលក្ខណៈសមសួនជាមួយនឹងបរិស្ថានធម្មជាតិរបស់ស្ថានទូត។
ជាមួយទេពកោសល្យផ្សេងៗគ្នា សិល្បករភាគច្រើនបានជ្រើសរើសយកដើមឈើ ដើម្បីផ្សារភ្ជាប់ជាមួយស្នាដៃសិល្បៈរបស់ខ្លួន។ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ក្រៅពីលក្ខណ:លម្អ ដើមឈើទាំងនេះបានក្លាយទៅជាតួអង្គពិតៗរបស់ពិព័រណ៍នេះ។
លោកស្រីបានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាមរយៈការរចនារបស់សិល្បករ ដើមឈើទាំងនេះ បានក្លាយទៅជាសភាវរស់ម៉្យាង ប្រកបដោយរូបឆោមលោមពណ៌ល្អ ដែលយើងត្រូវថែរក្សាផង ជាទីជម្រក និងជាសាក្សីនៃការចងចាំផង។ ដើមឈើទាំងនេះហាក់ដូចជាវត្ថុនឹងថ្កល់ ដែលផ្តល់អត្ថន័យដល់ជីវិត»។
ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើង ដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ដើម្បីទស្សនាស្នាដៃ សហសម័យរបស់សិល្បករ នៅក្នុងបរិស្ថានដ៏ស្រស់បំព្រងមួយ នៅទី៧ ខែមីនាខាងមុខ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល (រួមទាំងថ្ងៃត្រង់ផងដែរ)។ ព្រឹតិ្តការណ៍នេះបើកឱ្យសាធារណជនចូលរួមដោយសេរី ដោយពុំចាំបាច់ចុះឈ្មោះជាមុននោះទេ ប៉ុន្តែអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗនឹងមិនត្រូវបានអនុញ្ញាតឱ្យយកចូលឡើយ៕